ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអនុញ្ញាឲ្យមានមូលដ្ឋានទ័ពបរទេស

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេស ក្នុងប្រទេសរបស់ខ្លួនឡើយ។

សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងបែបនេះ ក្រោយមានក្រុមបាតុកម្ម នៅអាមេរិក បានលើកឡើងអំពីបញ្ហាកំពង់ផែរាម ដោយសង្ស័យថា មានមូលដ្ឋានទ័ពចិន។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាកំពង់ផែរាម គ្មានអ្វីលាក់បាំងនោះទេ គឺកម្ពុជា នៅតែគោរពរដ្ឋធម្មនុញ្ញ ដែលមិនឲ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជា។

សម្ដេច គូសបញ្ជាក់ថា «ខ្ញុំ បានបញ្ជាក់ទៅអ្នកស្រី នូលែន (អ្នកស្រីវ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក ព្រោះក្រោយជួប អ្នកស្រី នូលែន ខ្ញុំ ទៅUN ដើម្បីអានសុន្ទរកថា ខ្ញុំ ប្រាប់អ្នកស្រី ចាំមើល នៅអង្គការសហប្រជាជាតិ ខ្ញុំនឹងលើកជំហរនេះ (រាម) ឲ្យបានច្បាស់ ឲ្យឃើញ បើយើងមានអ្វីមិនប្រាកដ​ ខ្ញុំបានលើកផ្អែកទៅលើភាសានៅក្នុងរដ្ឋធម្មនុញ្ញ របស់យើង ថា កម្ពុជា នឹងមិនអនុញ្ញាឲ្យមូលដ្ឋានកងទ័ពបរទេស នៅលើទឹកដីខ្លួននេះ បានបញ្ជាក់ បានច្បាស់»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា បើកម្ពុជា មានបំណងឲ្យមូលដ្ឋានទ័ពបរទេសនោះ គឺកម្ពុជា ត្រូវធ្វើវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញ ខណៈកម្ពុជា គឺមិនធ្វើឡើយ ព្រោះថា «ជំហររបស់កម្ពុជា គឺផលប្រយោជន៍ជាតិ ជាធំ»។

សូមរំលឹកថា ក្រសួងរតនាគារអាមេរិក និងក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ទណ្ឌកម្មដោយឯកតោភាគីលើ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ហើយថា ជាការអនុវត្តច្បាប់ Global Magnitsky។ នេះមិនមែនជាលើកទី១ទេ ដែលអាមេរិក បានចេញវិធានការដាក់ទណ្ឌកម្មចំពោះមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាដោយឯកតោភាគី។ នាពេលកន្លងទៅ អាមេរិក ក៏បានផ្សព្វផ្សាយចោទប្រកាន់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការអភិវឌ្ឍ តំបន់កងទ័ពជើងទឹករាម និងការសាងសង់អាកាសយានដ្ឋាន នៅតំបន់តារាសាគរ ខេត្តកោះកុងផងដែរ៕

To Top