ភ្នំពេញ៖ ការប្រកាសប្រមូលពន្ធចំណេញមូលធន ត្រូវបានមហាជនជាច្រើន ផ្ទុះការវែកញ៉ែក ដោយក្នុងនោះ មានទាំងការគិតវិជ្ជមាន និងអវិជ្ជមាន ។
បន្ទាប់ពីការប្រកាស ប្រមូលពន្ធចំណេញមូលធន របស់នាយកដ្ឋានពន្ធដារកម្ពុជា ត្រូវបានពលរដ្ឋ ជាពិសេស បុគ្គលល្បីៗជាច្រើន លើបណ្តាញសង្គម បានទាញឱកាសនេះ បកស្រាយក្នុងន័យផ្សេងៗគ្នា ដោយមានទាំងការប្រៀបធៀប ជាមួយបណ្តាប្រទេសជាច្រើនផងដែរ ។
តួរយ៉ាងនៅអំឡុងពេលថ្មីៗនេះ ករណីខាងលើ កាន់តែផ្ទុះការវែកញ៉ែកខ្លាំងទៅៗ ជាបន្តបន្ទាប់ ពោលចំពេលមានវិបត្តិសេដ្ឋកិច្ចជាសកល ។
តាមការលើកឡើងរបស់មតិមហាជន បានតម្រង់ទិសទៅកាន់រាជរដ្ឋាភិបាល ក្នុងការចាត់ចែងយកពន្ធ ស្របពេលពលរដ្ឋខ្លួន កំពុងជួបវិបត្តិ ។ ហើយមតិទាំងនោះ បានចាក់ដោតចូលទៅសតិអារម្មណ៍ ពលរដ្ឋ តាមរយៈពាក្យខ្លីថា “រដ្ឋយកពន្ធឥតសំចៃ” ។ យ៉ាងណាមិញ ការប្រើពាក្យពេចន៍ ត្រឹមថា “ពន្ធ” នោះច្បាស់ណាស់ ងាយយល់ហើយវាមានវិសាលភាពធំទូលាយថែមទៀតផង ។
ប៉ុន្តែជាក់ស្តែង ការផ្ទុះការវែកញ៉ែកនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈនាយកដ្ឋានពន្ធដារបានប្រកាសប្រមូលពន្ធចំណេញមូលធន ក្រោយពន្យាពេលអស់មួយរយៈ ។
ក្រឡេកទៅមើល ពាក្យពេញ ដែលតម្រូវ យកពន្ធចំណេញមូលធន វិញ គឺមានការបញ្ជាក់យ៉ាងច្បាស់ ពីនិយមន័យរបស់វា តួរយ៉ាងបើតាមក្រសួងសេដ្ឋកិច្ច បានឲ្យនិយមន័យថា “ចំណេញមូលធន ជាប្រាក់ចំណូលជាប់ពន្ធ ដែលបានពីការយកចំណូល ពីការលក់ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត ។ ដែលអ្នកដែលជាប់ពន្ធនេះ សំដៅដល់ អ្នកជាប់ពន្ធនិវាសជន ឬអ្នកជាប់ពន្ធ អនិវាសជន ដែលបានលក់ឬផ្ទេរ មូលធនទៅបុគ្គលដទៃ ។
ដោយសង្កេតឃើញថា ការវែកញ៉ែកបែបខ្លីៗងាយយល់ របស់បុគ្គលមួយចំនួន មានការភាន់ច្រឡំ មិនត្រឹមតែ បង្កការព្រួយបារម្ភនោះទេ ថែមទាំងមានជនឆ្លៀតឱកាសមួយចំនួន ចង់យកមតិមហាជន ទប់ផលប្រយោជន៍ដែលខ្លួនធ្លាប់ទទួលបាន ជាពិសេស បុគ្គលអ្នកជំនាញ ខាងទិញលក់ អចលនវត្ថុ យកផលចំណេញតែម្តង ។
បើតាមការលើកឡើងរបស់ លោក ចាន់ សុផល (Sophal Chan) បានលើកឡើងនូវ យោបល់ផ្ទាល់ខ្លួនថា “ការខិតខំប្រមូលពន្ធពីអ្នកមាន មកជួយអ្នកក្រ ជាការល្អទេតេី!” ដោយលោក ក៏បានភ្ជាប់សំណេរខ្លីរបស់ខ្លួន ជាមួយខ្លឹមសារការប្រៀបធៀបថា “ថៃកំពុងប្រមូលភ្ញៀវទេសចរ វៀតណាមកំពុងប្រមូលអ្នកវិនិយោគទុន កម្ពុជា កំពុងប្រមូលពន្ធ រីឯប្រជាជន កំពុងបំណុលវ័ណ្ណក ។
សរុបមកវិញ ថាតើការយកពន្ធចំណេញមូលធន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈនាយករដ្ឋានពន្ធដារជាការបង្កើតការឈឺចាប់ ដល់ពលរដ្ឋ ឬជាការបាត់បង់ផលប្រយោជន៍ ឈ្មួញរកស៊ីដីឲ្យពិតប្រាកដ៕