ព័ត៌មានជាតិ

សមាគមយុវជន សេដ្ឋកិច្ចកម្ពុជា ប្រកាសចូលកាន់តំណែង គណៈគ្រប់គ្រង និងថ្នាក់ដឹកនាំ នៃសមាគម

ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យ នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីអនុវត្តតាមកម្មវិធី គោលនយោបាយអាទិភាព ទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងពិធីប្រកាសមុខដំណែងនេះដែរ សមាគមន តាមរយៈការផ្តល់សេចក្តីទុកចិត្តបំផុត របស់ក្រុមប្រឹក្សាភិបាល និងយោងស្មារតីនៃអង្គប្រជុំ បានសម្រេចផ្តល់ការគាំទ្រ ចំពោះសមត្ថភាពលោកបណ្ឌិត ឆម ចំរើន ឲ្យជាគណៈប្រតិបត្ត នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ។ 

ជាមួយគ្នានេះ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ត្រូវបានប្រធានសមាគមយុវជន សេដ្ឋកិច្ចកម្ពុជាព្រមទាំងលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធាន-សមាជិកគណៈប្រតិបត្តិ ប្រធានវិស័យ និងសមាសភាពទាំងអស់ នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង និងប្ដេជ្ញាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន។

ក្នុងឱកាសនោះ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានណែនាំនូវអនុសាសាន៍ជាច្រើន ដែលសុទ្ធតែផ្ដល់ភាពសំខាន់ ក្នុងការចូលរួមអនុវត្តតាមកម្មវិធី គោលនយោបាយអាទិភាព ចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧។

លោកប្រធានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាសភាពសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍៥ចំណុច៖ ១. ធ្វើអ្វីទាំងអស់ត្រូវតែមានផែនការត្រឹមត្រូវ ដាក់គោលនយោបាយ, ២. ត្រូវចាប់ផ្ដើមជ្រើសរើសថ្នាក់ដឹកនាំ ដែលមានសមត្ថភាពគ្រប់គ្រាន់, ៣. ត្រូវបណ្ដុះបណ្ដាលអ្នកដែលបានចាត់តាំងពីរបៀបរបប គោលនយោបាយ ផែនការដែលបានដាក់ចុះ,

៤. ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយដល់គ្រប់ភាគី ដែលពាក់ព័ន្ធឱ្យបានយល់កាន់តែច្បាស់ និង៥. ត្រូវមានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងទាំងទស្សនា គោលជំហរ និងសកម្មភាព។ ទិសដៅទាំង៥ចំណុចនេះ ត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួនជានិច្ច ហើយប្រសិនបើធ្វើបែបនេះហើយ មិនងាយបរាជ័យនោះទេ។ លោកបានប្រៀបប្រដូច ការរៀបចំនេះ ដូចជាការរៀបចំគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលយ៉ាងដូច្នេះដែរ។

លោក ឡី សុភាព បានបន្តថា ការងារដែលត្រូវដឹកនាំជាប្រចាំ គឺ៖ ទី១-ត្រូវដំឡើងផែនការ ទី២-ត្រូវមានការចាត់តាំង ទី៣-ត្រូវមានការត្រួតពិនិត្យ ទី៤-ដឹកនាំអនុវត្ត ទី៥-ត្រូវមានការវាយតម្លៃ។

ក្រៅពីនេះក៏ត្រូវអនុវត្តតាមស្មារតី «ផ្ដ៥» រួមមាន៖

១. ផ្ដុំ៖ ត្រូវចេះប្រមូលផ្ដុំគ្នាចងក្រងជាកម្លាំងជាដើម, ២. ផ្ដើម៖ បន្ទាប់ពីប្រមូលផ្ដុំគ្នាហើយ ត្រូវចេះផ្ដើមធ្វើកិច្ចការណាមួយជាមួយគ្នា, ៣. ផ្ដល់៖ ត្រូវចេះផ្ដល់យោបល់ ចែករំលែកគ្នាទៅវិញទៅមក និងផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក, ៤. ផ្ដោះប្ដូរ៖ ត្រូវមានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក លើកជាគំនិតផ្ដោះប្ដូរ ឬសំណូមពរទៅវិញទៅមកដូចគ្នា និង៥. ផ្ដោត៖ ត្រូវមានការផ្ដោតទៅលើការងារណាដែលយើង បានដាក់ចេញផែនការ និងការអនុវត្ត។

លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានបន្តទៀតថា អ្នកនៅក្រោមឱវាទ សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា គឺទទួលបានការទទួលស្គាល់ ពីរាជរដ្ឋាភិបាលថា ជាសមាគមដែលធ្វើការងារស្របច្បាប់ បម្រើឱ្យរាជរដ្ឋាភិបាល សង្គមជាតិ និងប្រជាជន ព្រមទាំងមានវិសាលភាពធំធេង ខណៈសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា មានដល់ទី១១វិស័យ និងគណៈកម្មការមួយចំនួនទៀត មានទាំងក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ ក្រុមការងារចុះជួយ ដូច្នេះរួមគ្នាត្រូវធ្វើការឱ្យដូចស្រមោច គឺធ្វើជាប់ជានិច្ច រក្សាចរិតតស៊ូ៕

To Top