ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហ្សង់ ហ្វ្រង់ស័រតាន់ថា បាតុកម្មនៅលើទឹកដីអាមេរិក ក្នុងអំឡុងពេលប្រមុខថ្នាក់ដឹកនាំ មកពីបណ្តាប្រទេសក្នុងពិភពលោក ចូលរួមក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៨ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក គឺមិនមែនមានតែបាតុកម្មប្រឆាំង វត្តមានសម្តេចធិបតីហ៊ុន ម៉ាណែតតែមួយនោះទេ គឺមានក្រុមបាតុកររបស់ប្រទេសចិន វៀតណាម និងភូមាផងដែរ ដែលពួកគេធ្វើប្រឆាំងមេដឹកនាំពួកគេផងដែរ ។
ប៉ុន្តែលោកអះអាងក្នុងសន្និសីទ សារព័ត៌មាននាព្រឹកថ្ងៃ២៥ កញ្ញា ថា ទោះមានការធ្វើបាតុកម្មយ៉ាងណាក៏ដោយ ក៏រាល់ការប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិម្តងៗ ការពង្រឹងសន្តិសុខ គឺតឹងរឹងខ្លាំងបំផុត ។ ចំពោះបាតុករធ្វើបាតុកម្មនៅអាមេរិក ត្រូវបានគេវាស់ដីឲ្យដើរ មិនមែនដើរស្រែកធ្វើបាតុកម្ម តាមគ្រប់ទីកន្លែង តាមអំពើចិត្តបាននោះទេ ។
លោកថា “មិនមែនមានតែបាតុករខ្មែរទេ គឺមានបាតុករវៀតណាមក៏មាន ភូមា ជាពិសេសចិន គឺមានហ្វាឡុងហ្គុងដែល ពួកគាត់ធ្វើបាតុកម្មញឹកញាប់”។
ប៉ុន្តែទោះបីជាយ៉ាងណាលោកថា ក្នុងរយៈពេល៣ថ្ងៃនៅលើទឹកដីអាមេរិក ជុំវិញសណ្ឋាគារស្នាក់នៅរបស់សម្តេចធិបតីហ៊ុន ម៉ាណែត គឺលោកមើលមិនឃើញក្រុម មនុស្សណាមួយធ្វើបាតុកម្មនោះទេ ។
បើតាមការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម គឺមានបាតុករខ្មែរមកពីមកពីរដ្ឋនានា របស់អាមេរិក និងកាណាដា បានមកជួបជុំគ្នាតវ៉ាប្រឆាំងវត្តមាន សម្តេចធិបតីនៅមុខអង្គការសហប្រជាជាតិ ៕