ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តឲ្យលោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកលទទួលបន្ទុក ផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ។
ការថ្លែងលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី អនុញ្ញាតឲ្យលោក ណិក ឡាហ្គូណូវិក ចូលជួបពិភាក្សាការងារ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងជំនួបនោះលោក ណិក ឡាហ្គូណូវិក បានលើកឡើងពីវត្ថុបំណងរបស់ក្រុមហ៊ុន Pfizer ចង់ស្វែងរកកាលានុវត្តភាពបន្ថែមនៅកម្ពុជា តាមរយៈការជួយគាំទ្រ និងជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន Pfizer បានពិនិត្យ និងតាមដានយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដោយយកចិត្តទុកដាក់ និងបានស្វែងយល់ថា ក្រុមហ៊ុន Pfizer អាចបំពេញបានការងារមួយចំនួន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការរួមចំណែកកែលម្អប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា។
ជាមួយគ្នានោះសម្ដេចធិបតី ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Pfizer ស្ដីពី កិច្ចព្រមព្រៀងដើម្បីសកលលោកមានសុខភាពល្អ (The Accord for a Healthier World) ដែលមានគោលបំណងផ្តល់ឲ្យបានពេញលេញនូវឱសថ និងវ៉ាក់សាំងដែលក្រុមហ៊ុនទទួលបានសិទ្ធិជាសកលដោយផ្អែកលើគោលការណ៍មូលដ្ឋានមិនស្វែងរកប្រាក់ចំណេញ ទៅឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប នៅលើសកលលោក។
សម្តេចធិបតី ក៏បានគូសរំលេចផងដែរថា អ្វីដែលក្រុមហ៊ុនចង់បំពេញការងារបន្ថែមនៅកម្ពុជា មានភាពឆ្លើយតបច្រើនទៅនឹងវិធានការគន្លឹះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញឲ្យអនុវត្តន៍ ពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតជាសំខាន់លើការពង្រឹងសមត្ថភាពនៃការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។
សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា ក្នុងទិសដៅនៃការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម ការយកចិត្តទុកដាក់ដ៏សំខាន់មួយគឺការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារពេទ្យ និងការបំពាក់ឧបករណ៍ពេទ្យ នៅតាមបណ្តាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅទូទាំងប្រទេស។ ជាមួយគ្នានេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ផងដែរ លើការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងវិស័យឯកជន ដើម្បីប្រជាជនទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ សម្ដេចធិបតី លើកទឹកចិត្តក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងបន្តជំរុញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាលរបស់កម្ពុជា។
ក្នុងនាមក្រុមហ៊ុនPfizer លោក ណិក ឡាហ្គូណូវិក បានសម្ដែងនូវអំណរគុណជាថ្មី គោរពជូនចំពោះ សម្តេចធិបតី និងបានគោរពជម្រាបជូនថា ក្រុមហ៊ុនPfizer នឹងបន្តទំនាក់ទំនង ជាមួយភាគីពាក់ព័ន្ធនានា នៅកម្ពុជា ៕