ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ បេសកកម្ម សម្ដេចធិបតី នៅទីក្រុងញ៉ូវយ៉ក នាំមកជោគជ័យធំធេងជូនជាតិ លើកទី៣

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា បេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បាននាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិ ជាលើកទី៣ ក្នុងរយៈពេល ១ខែ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៥ កញ្ញា នេះ ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញហើយ នាថ្ងៃទី២៥ កញ្ញា បន្ទាប់ពីអញ្ជើញចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក ។

អ្នកនាំពាក្យបន្ដថា បេសកម្មក្រៅប្រទេសលើកទី៣ របស់សម្ដេចធិបតី រយៈពេល ៥ថ្ងៃនេះ សម្រេចបានលទ្ធផលថ្មីៗ យ៉ាងធំធេងបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិទាំង ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

នាឱកាសនោះ សម្ដេចធិបតី គូសបញ្ជាក់ថា បេសកកម្មក្រៅប្រទេសទាំង៣លើក ពោលគឺនៅឥណ្ឌូនេស៊ី ចិន និងទីក្រុងញូវយ៉ក នាពេលនេះ សម្រេចកិច្ចការ៣ ក្នុងពេលតែមួយ រួមមាន៖ ១-ការងារការទូត ដើម្បីបង្ហាញថា កម្ពុជាជាប្រទេសអធិបតេយ្យ ឈរស្មើមុខជាមួយគ្រប់ប្រទេសលើពិភពលោក ,២-ការងារនយោបាយ ដើម្បីបញ្ជាក់គោលជំហរ ក្នុងឋានៈជាសមាជិករបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធអធិបតេយ្យជាតិ ផលប្រយោជន៍ជាតិ និងបញ្ហាប្រឈមរបស់ពិភពលោក ,៣-ការងារសេដ្ឋកិច្ច គឺការខិតខំកៀរគរការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផលិតផល និងទាក់ទាញភ្ញៀវទេសចរណ៍។

សម្ដេចធិបតី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានរាត្រីទឹកឃ្មុំដើម្បីលំហែកាយក្រោយការបោះឆ្នោតនោះទេ ផ្ទុយទៅវិញបានដាក់ចេញ និងចាប់ផ្ដើមអនុវត្តប្រកបដោយភាពស្វាហាប់នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន៕

To Top