ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នឹងចូលរួមសន្និសីទ មេទ័ពជើងគោក នៃបណ្តាប្រទេស ក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅឥណ្ឌា

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញចូលរួម សន្និសីទមេបញ្ជាការកងទ័ពជើងគោក នៃបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទី១៣ (IPACC XIII) នៅរដ្ឋធានីញូដេលី សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា ឆ្នាំ២០២៣ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ពជើងគោក នាថ្ងៃទី២៥ កញ្ញានេះ បានឲ្យដឹងថា ការចូលរួមនេះធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្ដមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (MAN PANDE មេបញ្ជាការកងទ័ព ជើងគោកឥណ្ឌា និង នាយឧត្តមសេនីយ៍ នឌី ចច (RANDY GEORGE) មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ។

សន្និសីទ មេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេស ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី១៣ (IPACC XIII) នេះរៀបចំឡើងក្រោមប្រធានបទ រួមគ្នាដើម្បីសន្តិភាព និរន្តភាពសន្តិភាព និងស្ថិរភាពក្នុងឥណ្ឌូប៉ាស៊ីហ្វិក ក្នុងគោលបំណង ផ្សព្វផ្សាយអំពីសារៈសំខាន់ និងផលប្រយោជន៍ នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ ព្រមទាំងដើម្បីរឹត ចំណងទាក់ទង រវាងមេបញ្ជាការកងទ័ពជើងគោក ប្រទេសក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិក។

ក្នុងឱកាសចូលរួមសន្និសីទនេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នឹងអញ្ជើញជួបពិភាក្សាការងារ ទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (MANOJ PANDE) មេបញ្ជាការកងទ័ពជើងគោកឥណ្ឌា, នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរ៊ិ (MOFSHITA YAS NOR) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីជូ (ROY GALIDO) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ដើម្បីជំរុញកិច្ច សហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកឲ្យកាន់តែរឹងមាំបន្ថែមទៀត ៕

To Top