ព័ត៌មានជាតិ

ផ្ទុះជំងឺភ្នែកក្រហម ចំនួន ៩៣ករណី នៅស្រុកអូរយ៉ាដាវ​ ខេត្ត​រតនគីរី​

រូបភាពនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង

ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានប្រកាសរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន ៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ CDC នាថ្ងៃទី២៥ កញ្ញា នេះ បានឱ្យ​ដឹង​ថា ករណីនេះ កើតឡើងដោយសារមានករណីដំបូង ដែលមានអ្នកភូមិចំនួន ៨នាក់ កាលពីថ្ងៃទី១៤ កញ្ញា ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់ និងភូមិប៉ក់តូចនេះ។

មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ នឹងអប់រំ ភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំ នៅថ្ងៃទី២៣ កញ្ញា។

CDC រៀបរាប់ថា ការឆ្លងដោយសារការប៉ះពាស់ផ្ទាល់ជិតគ្នា និងប្រើប្រាស់របស់របរ និងសម្ភាររួមគ្នា។ ករណីភាគច្រើន នៃជំងឺភ្នែកក្រហម គឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ ដោយមិនតម្រូវឲ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣ សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។

CDC បន្ថែមថា ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឲ្យថ្នាំបន្តក់ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាល ដាលដល់អ្នកដទៃ ។
CDC បានណែនាំដល់​បងប្អូន ប្រជាពលរដ្ឋទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងសូមរាយការណ៍ជាបន្ទាន់ បើឃើញកើតជាច្រើនក្នុងកន្លែងធ្វើការ សាលារៀន ក្នុងសហគមន៍ ៕

To Top