ព័ត៌មានជាតិ

ក្រសួងធម្មការ ហាមយកពុទ្ធដីកាទៅកំប្លុកកប្លែង ធម៌រ៉ែប ឬជេរប្រមាថ

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានហាមបុគ្គលមួយចំនួនយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។

ការហាមរបស់ក្រសួងនេះ បន្ទាប់ពីក្រសួងមើលឃើញថា នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និង ប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ។ នេះបើតាមរយៈសេចក្ដីណែនាំរបស់ក្រសួងធម្មការ នាថ្ងៃទី២៥ កញ្ញា ។

ជាមួយគ្នានេះដែរ ក្រសួងធម្មការក៏បានហាមដាច់ខាត យកត្រៃយ៍ចីវរទៅស្លៀក ដណ្តប់តាមទំនើងចិត្ត ហើយការលួចយក បូជនីយវត្ថុ ធ្វើឲ្យខូចខាតដល់បូជនីយដ្ឋាននានា របស់សាសនា។ លើសពីនេះ ហាមយកព្រះពុទ្ធសាសនា ធ្វើអាជីវកម្មតាមគ្រប់រូបភាពរួមមាន៖ ទេសនា បង្រៀនធម៌ ផ្សព្វផ្សាយ ប្រាសចាកធម៌វិន័យ សេចក្តីពិតនៃព្រះធម៌ មន្តអាគមឧមអាម សីលវិជ្ជាការ (ទុវិជ្ជា)ដែលជាសកម្មភាព មានលក្ខណៈបោកប្រាស់។

បន្ថែមពីលើការប៉ះពាល់ ដល់សាសនានេះ ក្រសួងក៏បន្តហាមយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាឬវត្ថុជាទីសក្ការៈ នៃសាសនា ទៅធ្វើការទាក់ទាញ បំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្ខពួកក្រុមរបស់ខ្លួនដែលធ្វើឲ្យ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម។

ក្រសួងធម្មការសង្កត់ធ្ងន់ថា «ហាមយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។ ហាមយកព្រះពុទ្ធរូប ឬសញ្ញាសម្គាល់ ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយពាណិជ្ជកម្មទាក់ទាញ រកផលប្រយោជន៍ ឬតម្កល់ទុកក្នុងទីមិនសមគួរ ឬដាក់តម្កល់ដើម្បីលម្អទាក់ទាញ (ហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម)»៕

To Top