ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ ចំណុះក្រសួង ត្រូវខិតខំធ្វើយ៉ាងណា សម្រេចឲ្យបាននូវយុទ្ធសាស្រ្ដអាទិភាពទាំងបួន របស់ក្រសួង សំដៅធ្វើយ៉ាងណាឲ្យជនបទ មានភាពស៊ីវិល័យ និងកាត់បន្ថយភាពក្រីក្រ ។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី បានធ្វើវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់រូប និងផ្តល់អនុសាសន៍បន្ថែមថា ដើម្បីសម្រេចឲ្យបាននូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំធ្វើយ៉ាងណា សម្រេចឲ្យបាននូវយុទ្ធសាស្រ្ដអាទិភាពទាំងបួន របស់ក្រសួង សំដៅធ្វើយ៉ាងណាឲ្យជនបទ មានភាពស៊ីវិល័យ និងកាត់បន្ថយភាពក្រីក្រ ដើម្បីកម្ពុជាអាចសម្រេចបានចក្ខុវិស័យ ជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
បន្ថែមពីនេះទៀតលោករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ឲ្យថ្នាក់ដឹកនាំដែលចាប់ពីប្រធាននាយកដ្ឋានឡើងទៅ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង រៀបចំរបៀបរបបប្រជុំផ្ទៃក្នុង ប្រចាំខែឲ្យបានទៀងទាត់។
ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំក្រសួងត្រូវរៀបចំប្រជុំបូកសរុបការងារប្រចាំខែរបស់ខ្លួន គឺរៀងរាល់ដើមសប្តាហ៍ទី៤ នៃខែនីមួយៗ។ ជាងនេះទៅទៀតលោករដ្ឋមន្ត្រី បានស្នើឲ្យគ្រប់នាយកដ្ឋានទាំងអស់ ត្រូវពង្រឹងការងារក្នុងអង្គភាពរបស់ខ្លួន រៀបចំបញ្ជីឯកសារបានត្រឹមត្រូវ និងដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យតាមឋានានុក្រម៕