ភ្នំពេញ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយព្រួតគ្នាវាយទាត់ធាក់នារីម្នាក់ ក្នុងផ្ទះសំណាក់មួយ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ ។
ការឈានដល់ការឃាត់ខ្លួននេះ បន្ទាប់ពីស្នងការរាជធានីភ្នំពេញកាលពីប៉ុន្មានថ្ងៃមុន បានបញ្ជាឲ្យមន្រ្តីជំនាញចុះស្រាវជ្រាវរកករណីវាយទាត់ធាក់នេះ ក្រោយការបែកធ្លាយវិដេអូក្រុមស្រ្តីមួយក្រុមនាំគ្នាប្រើហិង្សាលើនារីម្នាក់នៅក្នុងបន្ទប់ស្នាក់នៅ។
ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដៃ និងជើង វាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យ រងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ) បញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ។
ជនសង្ស័យឈ្មោះ គ្រុយ ស្រីលាភ ភេទស្រី ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ យ៉េន សុនីតា ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។ ស្លាកស្នាមរងរបួស បណ្តាលឲ្យរបួសជាំភ្នែកស្តាំ , ជាំត្រចៀកឆ្វេង , ចុកពោះខាងឆ្វេង និងចុកពោះ។
បើតាមសមត្ថកិច្ច កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកដៃ និង ជើង វាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ បង្កឡើងដោយជនសង្ស័យចំនួន៤នាក់ មានឈ្មោះ គ្រុយ ស្រីលាភ ភេទស្រី ជនជាតិខ្មែរ , ឈ្មោះ ស្រីលី ភេទស្រី ឆ្នាំជនជាតិខ្មែរ ,ឈ្មោះ ស្រីរ៉ា ភេទស្រី ជនជាតិខ្មែរ និងឈ្មោះ ស្រីយូ ភេទស្រី ជនជាតិខ្មែរ។
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ យ៉េន សុនីតា និងមិត្តភក្តិសរុបមានគ្នាចំនួន ៧នាក់មានជនរងគ្រោះ ,ឈ្មោះ គ្រុយ ស្រីលាភ ,ឈ្មោះ ស្រីលី ,ឈ្មោះ ស្រីរ៉ា ,ឈ្មោះ ស្រីយូ , ឈ្មោះ ពេជ្រ ភេទប្រុស ជនជាតិខ្មែរ និងឈ្មោះ ស្រីវីន ភេទស្រី ជនជាតិខ្មែរ បាននាំគ្នាទៅជួលបន្ទប់ផ្ទះសំណាក់កន្លែងកើតហេតុចំនួន ២ មានបន្ទប់លេខ២០៤, លេខ២០៥ ជាន់ទី២ ស្នាក់នៅរួមគ្នា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១ ជនរងគ្រោះ និងជនសង្ស័យក៏បានជួលបន្ទប់ចំនួន ២ បន្ទប់ទៀត មានបន្ទប់លេខ២១១ និងបន្ទប់២០៨ សរុបចំនួន ៤ បន្ទប់ បន្ទាប់មកជនរងគ្រោះបានចុះទៅទិញស្រាបៀរហ្គេនស្បើកចំនួន៦កំប៉ុងមកនាំគ្នាផឹកស៊ី ពេលនោះជនរងគ្រោះបាននិយាយហើយនិយាយទៀត ថា ឈ្មោះ ស្រីលី លួចស្បែកជើងរបស់ខ្លួន តែមិនមានអ្នកណាឆ្លើយតបអ្វីឡើយ រហូតដល់ផឹកស្រាបៀរអស់ ក៏នាំគ្នាទៅដេកតាមបន្ទប់រៀងៗខ្លួនទៅដោយជនរងគ្រោះទៅដេកនៅបន្ទប់លេខ២០៥ ជាមួយឈ្មោះស្រីយូ រហូតដល់វេលាម៉ោង៦ ជនរងគ្រោះបានចេញពីបន្ទប់ទៅគោះទ្វារបន្ទប់លេខ២០៤ ដែលឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា កំពុងដេក ហើយអ្នកទាំងពីរនាក់បានទៅហៅឈ្មោះ គ្រុយ ស្រីលាភ ដែលកំពុងដេកនៅបន្ទប់លេខ២១១ ហើយអ្នកទាំងបីនាក់ឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ បាននាំគ្នាទៅជួបជនរងគ្រោះដែលកំពុងដេកជាមួយឈ្មោះ ស្រីយូ នៅបន្ទប់លេខ២០៥ ពេលទៅដល់បន្ទប់លេខ២០៥ ឈ្មោះ ស្រីលី បានសួរទៅជនរងគ្រោះថា “ហេតុអ្វីបានជាចោទថាអញលួចស្បែកជើង” ហើយជនរងគ្រោះនៅតែនិយាយថា ឈ្មោះ ស្រីលី ជាអ្នកលួចស្បែកជើងរបស់ខ្លួនដដែល ពេលនោះឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ ក៏បានស្ទុះចូលទៅយកដៃ ជើង វាយទាត់ធាក់ទៅលើជនរងគ្រោះចំក្បាល ត្រចៀកខាងឆ្វេង ទាត់ធាក់ចំពោះ និងផ្ទៃមុខ ហើយស្រែកថា ” ហេតុអីបានជាចោទថាអញលួចស្បែកជើងរបស់ង៉ែង”។
ចំណែកស្រីយូ បានយកទូរសព្ទ័មកថតពីសកម្មភាពដែលឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ ព្រួតគ្នាវាយទៅលើជនរងគ្រោះ។
បន្ទាប់ពីធ្វើសកម្មភាពព្រួតគ្នាយកដៃ ជើង វាយទាត់ធាក់លើជនរងគ្រោះរួចហើយ ក៏នាំគ្នាចូលទៅដេកតាមបន្ទប់វិញទៅ ។ ចំណែកឈ្មោះ ពេជ្រ មិនបានដឹងរឿងអ្វីឡើយ និងមិនបានចូលរួមធ្វើសកម្មភាពខាងលើទេ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕