ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្តេជ្ញាចិត្តរួមគ្នា ជាមួយលោកគ្រូ អ្នកគ្រូ គាំទ្រក្នុងការពង្រីកការ អនុវត្តប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងសាលារៀន SIS ឱ្យបានដល់សាលារៀន គ្រប់កម្រិត

By. Kizona

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្ដេជ្ញាចិត្តរួមគ្នាជាមួយ លោកគ្រូ អ្នកគ្រូ គាំទ្រនិងជម្រុញ ពង្រីកការអនុវត្ត ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន SIS ឱ្យបានដល់សាលារៀនគ្រប់កម្រិត ក្នុងខេត្តកំពង់ចាម ។
ការប្ដេជ្ញាចិត្តដូច្នេះ លោកអភិបាលខេត្ត បានលើកឡើងនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងសិក្ខាសាលាស្ដីអំពី ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងសាលារៀន SIS ធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ។

លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធព័ត៌មានឌីជីថល ដូចជា ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ កម្មវិធីគ្រប់គ្រងបុគ្គលិក ប្រព័ន្ធចែកចាយសៀវភៅសិក្សាសាលារៀន ប្រព័ន្ធគ្រប់គ្រងអាហារូបករណ៍ ប្រព័ន្ធតាមដានព័ត៌មាននិស្សិត ប្រព័ន្ធតាមដានសាលា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន SIS ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យជាដើម ។

ការអប់រំឌីជីថល គឺជាយុទ្ធសាស្រ្តគន្លឹះមួយក្នុងចំណោមយុទ្ធសាស្រ្តផ្សេងទៀត ដើម្បីជម្រុញការធ្វើបរិវត្តកម្ម នៃប្រព័ន្ធអប់រំ ដោយសារការអប់រំឌីជីថល បានផ្លាស់ប្តូររបៀបរៀនរបស់សិស្ស និងរបៀបបង្រៀនរបស់គ្រូ ព្រមទាំងរបៀបគ្រប់គ្រងរបស់នាយកសាលា ដើម្បីធានានិរន្តភាពនៃការសិក្សារបស់សិស្ស និងធានាសុវត្ថិភាពសុខភាពសម្រាប់សិស្សានុសិស្ស និងបុគ្គលិកអប់រំ។ លើសពីនេះ ការអប់រំឌីជីថល ក៏បានរួមចំណែកដល់ការកាត់បន្ថយវិសមភាព ក្នុងការទទួលបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងធានាឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាផងដែរ។

លោក បណ្ឌិតសភាចារ្យ ឱ្យដឹងទៀតថា ក្រសួងបានសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) នៅកម្រិតវិទ្យាល័យ ចាប់ពីឆ្នាំ២០២០ និងមកដល់ពេលនេះ មានសាលារៀនចំនួន ២៦៦ សាលា នៅទូទាំងប្រទេសបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ SIS នេះ។ ប្រព័ន្ធនេះបានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើន ដូចជាមុខងារការគ្រប់គ្រងព័ត៌មានសាលារៀន ការសិក្សាតាមអេឡេចត្រូនិច ការទំនាក់ទំនង និងព័ត៌មាននានាសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត។

ទន្ទឹមនិងនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងមន្ត្រី នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរួមគ្នាសម្រេចចិត្ត ចូលរួមគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធព័ត៌មានសាលារៀន SIS នេះ ឱ្យបានដល់សាលារៀនគ្រប់កម្រិត នៅក្នុងខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀននេះ ជាអត្ថប្រយោជន៍ លើការគ្រប់គ្រងសាលារៀន ការរៀន និងបង្រៀន និងទំនាក់ទំនងជាមួយមាតាបិតាសិស្ស ៕

To Top