ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលភ្ញៀវទទួលទេសចរអន្តរជាតិជាង ៣.៥លាននាក់ កើនឡើង ២៥០.៨% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។
តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធាន «ទេសចរណ៍ និងការវិនិយោគបៃតង» ចេញផ្សាយនាថ្ងៃទី២៦ កញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាការពិតក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទកៈ ប៉ុន្តែជាអកុសល ការរីកចម្រើនវិស័យនេះត្រូវបានបង្អាក់ស្ទើរ តែទាំងស្រុង ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ដែលបានជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅទូទាំងសកលលោក។
សម្ដេចធិបតីបន្ដថា ជាការកត់សម្គាល់ វិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានបើកប្រទេសពេញលេញលើគ្រប់វិស័យប្រកបដោយសុវត្ថិភាព ដោយផ្តល់នូវភាពអំណោយផល ដល់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឲ្យងើបឡើងវិញនៅក្នុងល្បឿនលឿនគួរឲ្យកត់សម្គាល់។
សម្ដេចធិបតីគូសបញ្ជាក់ថា «ជាលទ្ធផល រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជាបានភ្ញៀវទទួលទេសចរអន្តរជាតិជាង៣.៥លាននាក់ កើនឡើង ២៥០.៨% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ ក្នុងកម្រិត៨០% នៃឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដ-១៩ រីឯភ្ញៀវទេសចរជាតិមានប្រមាណ១២.៣៨លាននាក់ កើនឡើង ៦២.៥%»។
សម្ដេចធិបតីបន្ថែមថា ឆ្នាំ២០២៣ ក្រោមយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ១៧លាននាក់ និងឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់៨លាននាក់។ ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការចូលចំណែកពីវិស័យនានា ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុងពេលនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញនាពេលកន្លងមក៕