ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា ចំពោះការបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់លោក សេដ្ឋា ថាវីស៊ីនដែលនាយករដ្ឋមន្រ្តីថៃថ្មី មកពីគណបក្សភឿថៃបានឡើងកាន់តំណែងប្រតមប្រសងនឹងសម្តេចធិបតីហ៊ុន ម៉ាណែតដែរនោះ គឺជាដំណើរទស្សនកិច្ចមួយមានការផ្អើលជាខ្លាំង។
ចំណុចលោក យង់ ពៅថា ភ្ញាក់ផ្អើលដោយសារនេះ ជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្រ្តីថៃដែលជ្រើសយកកម្ពុជាជាប្រទេសទី១ ។
លោក យង់ ពៅបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៧ កញ្ញា មុនដំណើរទស្សនកិច្ចរបស់លោក សេដ្ឋា ថាវីស៊ីន ដែលជាប់ភូមិផងរបងជាមួយគ្នានៅថ្ងៃ២៨ កញ្ញាស្អែកថា “លោក សេដ្ឋា ថាវីស៊ីនការបំពេញទស្សនកិច្ចនៅកម្ពុជា ពិតជាបានបង្កការភ្ញាក់ផ្អើលមួយសម្រាប់សាធារណមតិកម្ពុជា ក៏ដូចជាសាធារណមតិផ្សេងៗ ។ ហេតុអ្វីបានជាថា ដូច្នេះ ព្រោះនេះជាការបំពេញទស្សនកិច្ចជាលើកដំបូងរបស់លោកក្នុងនាមលោកជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ជ្រើសរើសមកព្រះរាជាណាចក្រកម្ពុជា” ។
លោកថា ការជ្រើសយកប្រទេសដំបូងសម្រាប់ការធ្វើទស្សនកិច្ចរបស់ប្រមុខរដ្ឋ ឬប្រមុខដឹកនាំរដ្ឋាភិបាល ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្តនៅក្នុងកិច្ចការទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ។ លោកក៏បានលើកពីសម្តេចធិបតីហ៊ុន ម៉ាណែតផងដែរដែលក្រោយក្លាយជានាយករដ្ឋមន្រ្តី ក៏មានការពិភាក្សាគ្នាអំពីការបំពេញទស្សនកិច្ចនៅប្រទេសណាមុនគេដែរ ប៉ុន្តែជាក់ស្តែងសម្តេចបានជ្រើសយកប្រទេសចិនដែលជាមិត្តដែកថែបរបស់កម្ពុជា ។ ដូច្នេះជាទូទៅលោកសរុបមកថា ការបំពេញទស្សនកិច្ចប្រទេសណាមួយមុនគេ គឺបញ្ជាក់ពីទំនាក់ទំនងស៊ីជម្រៅ និងគុណតម្លៃនៃទំនាក់ទំនង ។
ចំពោះទំនាក់ទំនងនេះដែរ លោកយង់ ពៅក៏បានរំលឹកពីអតីតនាយករដ្ឋមន្រ្តីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាដែលជាប់ឆ្នោតកាលពីអំឡុងឆ្នាំ២០១១ លោកស្រីក៏បានជ្រើសយកកម្ពុជាជាប្រទេសទី១សម្រាប់ដំណើរទស្សនកិច្ច ដែលនោះក៏ជាការកក្រើកផងដែរ ខណៈកម្ពុជា-ថៃពេលនោះ ហាក់ដូចជាមានបញ្ហាជាមួយគ្នារឿងបា្រសាទព្រះវិហារ និងផ្សាររុងក្លឿជាដើម ។
លោកបានហៅដំណើរទស្សនកិច្ចនេះ ជាទំនាក់ទំនងស៊ីជម្រៅដែលលោកមើលឃើញថា ផ្តើមចេញពីទំនាក់ទំនងគ្រួសារជាមុន(ក្រុមគ្រួសារសម្តេចតេជោនិងគ្រួសារថាក់ ស៊ីន) និងគណបក្ស(បក្សប្រជាជន និងបក្សភឿថៃ) ហើយបានមកដល់កម្រិតជាតិ។
លោក យង់ ពៅបន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីថៃ នៅកម្ពុជានឹងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកទាំង នយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងពលករខ្មែរជាដើម “ជារួមយើងអាចវាយតម្លៃបានថា ដំណើរទស្សនកិច្ចនេះមានគុណប្រយោជន៍ទាំងសងខាង ទាំងគុណប្រយោជន៍ការទូត ដែលមើលឃើញនៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ដោយសារតែការបំពេញទស្សនកិច្ច ជាលើកដំបូងរបស់នាយករដ្ឋមន្រ្តីនឹងបានជាគុណប្រយោជន៍សម្រាប់គ្រប់វិស័យដែលនឹងមានការជួបផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក”។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក សេដ្ឋា ថាវីស៊ីន ជាមហាសេដ្ឋីថៃមួយរូប ហើយក្លាយជានាយករដ្ឋមន្រ្តីថៃ នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃ២៨ កញ្ញា ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងជួបថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាជាច្រើនរូប៕