ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីទាំងអស់ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរបន្ថែម ដើម្បីពង្រឹងដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅជនបទ និងត្រូវរួមគ្នាថែរក្សាសម្ភារ ដែលមានស្រាប់ឱ្យបានល្អ និងស្ថិតស្ថេរយូរអង្វែង ។

ការផ្ដាំផ្ញើនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី ដឹកនាំប្រតិភូក្រសួង និងមន្រ្ដីបច្ចេកទេស នៃនាយកដ្ឋានផ្លូវលំជនបទ អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញ ព្រមទាំងពិនិត្យមន្ទីរពិសោធន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញត្រួតពិនិត្យមើលដំណើរការ ទូទៅរបស់មន្ទីរពិសោធន៍ ដោយក្នុងនោះមាន៖ សម្ភារៈ និងឧបករណ៍សម្រាប់ធ្វើពិសោធន៍ បន្ទប់ពិសោធន៍ និងសំណាកផ្សេងៗ ដែលជាចំណែកមួយនៃមន្ទីរពិសោធន៍ ។

ជាមួយនោះ លោករដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ របស់ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញទាំងអស់ ព្រមទាំងបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីបច្ចេកទេសទាំងអស់ ដែលកំពុងបំពេញការងារនៅមន្ទីរពិសោធន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

សូមបញ្ជាក់ថា មន្ទីរពិសោធន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់សម្រាប់ ធ្វើការពិសោធលើគុណភាពដី ថ្ម បេតុង ដែក កៅស៊ូ ខ្សាច់ ជាដើម ដើម្បីពង្រឹងគុណភាពសំណង់ផ្លូវថ្នល់ និងសំណង់សិល្បការ្យ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

