ព័ត៌មានជាតិ

អគ្គនាយកពន្ធនាគារ សម្រេចធ្វើតេស្ដរកសារធាតុញៀន លើមន្ដ្រីពន្ធនាគារ និងជនជាប់ឃុំ

ភ្នំពេញ ៖ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានសម្រេចធ្វើប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀន លើមន្ត្រីពន្ធនាគារទូទាំងប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀន។

ការសម្រេចធ្វើតេស្ដនេះ បន្ទាប់ពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំឲ្យគ្រប់អង្គភាព ត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន ។

តាមរយៈសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកអគ្គនាយក ឈន សាណាត បានថ្លែងថា «ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធិភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្ត ពីមជ្ឈដ្ឋានទូទៅ អគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចដាក់ចេញនូវវិធានការ ធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីពន្ធនាគារពន្ធនាគារជាទូទៅ និងជនជាប់ឃុំដែលមានការសង្ស័យ ប្រើប្រាស់គ្រឿងញៀនក្នុងក្របខណ្ឌ ទូទាំងប្រទេស បន្ទាប់ពីសេចក្ដីណែនាំនេះត្រូវបានដាក់ចេញ»។

លោកអគ្គនាយក បន្ដថា សម្រាប់ការចុះប្រតិបត្តិការធ្វើតេស្ត រកសារធាតុញៀនជាក់ស្ដែង នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យ ពន្ធនាគារគោលដៅនីមួយៗ ដោយមិនមានការជូនដំណឹងជាមុន។ ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនា គេចវេសក្នុងការមិនចូលរួមសហការធ្វើ តេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពី ក្រសួង ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន ៕

To Top