ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន ឲ្យបញ្ចប់ភាពផ្តាច់មុខការផ្គត់ផ្គង់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងអាងប្រព្រឹត្តកម្មនៅតាមរោងចក្រ

រូបភាពពី៖​ ក្រសួងបរិស្ថាន

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំឲ្យបញ្ចប់ភាពផ្តាច់មុខ លើការផ្គត់ផ្គង់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងអាងប្រព្រឹត្តកម្មនៅតាមរោងចក្រ សហគ្រាស។ នេះជាការថ្លែងរបស់លោកនាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នាថ្ងៃ២៧ កញ្ញា ។

លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានបន្តថា ពាក់ព័ន្ធបញ្ហាប្រឈមដែលរោងចក្រសហគ្រាមួយចំនួន បានយកក្រណាត់មកដុត ដើម្បីបំពុះទឹក ដើម្បីអ៊ុតខោអាវ ធ្វើឲ្យមានការបំពុលបរិស្ថាននោះ ត្រូវធ្វើការណែនាំឲ្យបណ្តារោងចក្រទាំងនោះ ប្រើប្រាស់សូឡា ជំនួស ដើម្បីផ្តល់ថាមពលសម្រាប់អ៊ុតខោអាវ អាចចំណេញជាងការប្រើប្រាស់ក្រណាត់ ឬអុសដុត ។ ចំណេញត្រង់ថា អាចកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមរក្សាគម្របព្រៃឈើដែលក្រសួងបរិស្ថានកំពុងតែធ្វើការដាំដុះសម្រេចឲ្យបាន៦០% នាពេលខាងមុខ។

សូមបញ្ជាក់ថា ក្នុងពីធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដើម្បីពង្រឹងការងារជាក្រុម ជាមួយការស្តាប់នូវរបាយការណ៍ស្តីពីការផ្គត់ផ្គង់ឧបករណ៍តាមដានដោយស្វ័យប្រវត្ត និងការផ្កត់ផ្គង់ផលិតកម្ម អាងប្រព្រឹត្តកម្មតាមរោងចក្រសហគ្រាស ស្របតាមចក្ខុវិស័យជាតិ ដើម្បីរុញនាវាបរិស្ថានកម្ពុជាឲ្យសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច ៕

To Top