ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ឲ្យមន្ត្រីជំនាញសិក្សា ចំណុចច្រាំងទន្លេសំខាន់ៗ ក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដើម្បី លើកគម្រោងស្ថាបនា ការពារបាក់ច្រាំងបន្តទៀត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ ច្រាំងទន្លេ ដែលបានបាក់ស្រុត ក្នុងភូមិសាស្ត្រ ស្រុកកោះសូទិន និង ស្រុកស្រីសន្ធរ ។

ក្រោយពីបានចុះពិនិត្យនោះ លោក អភិបាលខេត្ត បានបើកការប្រជុំ និង បានចាត់ឲ្យមន្ត្រីជំនាញ ចាប់ផ្តើមធ្វើការសិក្សា លើច្រាំងទន្លេដែលបានបាក់ ដើម្បីរៀបចំគម្រោង ធ្វើការស្ថាបនា ទប់ស្កាត់ការបាក់ច្រាំងទន្លេនៅតំបន់ទាំងនោះទៀត ។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា យើងត្រូវសិក្សាមើលថាតើ គួរស្ថាបនាច្រាំងទន្លេ នៅចំណុចណាមុន ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បញ្ជាក់ថា ចំណុចដែលមានបញ្ហាប្រឈម គឺនៅក្នុងភូមិជីហែ ឃុំជីហែ ស្រុកកោះសូទិន មានប្រវែង ២៥០ ម៉ែត្រ គឺជាចំណុចអាទិភាពទីមួយ ដែលត្រូវសិក្សាមុនគេ ។

ដោយឡែកនៅក្នុងស្រុកស្រីសន្ធរ មានច្រាំងបាក់ប្រឈម ២កន្លែង ។ ប៉ុន្តែពីរកន្លែងនេះ ត្រូវសិក្សានៅចំណុចឃុំមានជ័យមុន ជាកញ្ចប់អតិភាពទីពីរ ដោយសារពាក់ព័ន្ធ និងផ្លូវគមនាគមន៍ ពោល ប្រសិនបើ ចង់បាក់ដាច់កន្លែងនោះ គឺវាកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងក្នុងស្រុកស្រីសន្ធរ ទាំងមូលតែម្ដង។ ចំពោះនៅចំណុចឃុំកោះអណ្ដែត ក្នុងស្រុកស្រីសន្ធរដែរ គឺជាកញ្ចប់អាទិភាពទីបី ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា គម្រោងស្ថាបនា ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺត្រូវប្រើបាវ ច្រកខ្សាច់ ដោយសារធ្វើវិធីនេះ ចំណាយលុយតិច មានគុណភាពដូចប្រើថ្ម ឬចាក់បេតុងដែរ គ្រាន់តែមិនសូវស្អាត ។

លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា ចំពោះពេលវេលាស្ថាបនា បន្ទាប់ពីការសិក្សានិងលើគម្រោង នៃច្រាំងទន្លេ ជាតំបន់ ដែលប្រឈមដូចខាងលើ អាចចាប់ផ្ដើមស្ថាបនានៅដើមឆ្នាំ ២០២៤ ៕

To Top