ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា បានឯកភាពគ្នា នឹងពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្នុងការសិក្សាស្រាវជ្រាវ លើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់ សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអនុញ្ញាតឱ្យ លោកស្រី Alissar Chaker អ្នកតំណាងប្រចាំប្រទេសកម្ពុជា របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme-UNDP) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងឱកាសនេះ លោកស្រី Alissar Chaker បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេសកម្ពុជាសម្រេចបាន ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងអត្រាជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ ទសវត្សកន្លងមក មុនវិបត្តិកូវីដ-១៩ និងជាពិសេសក្លាយជា ប្រទេសមួយក្នុងចំណោមប្រទេសនានា ដែលកាត់បន្ថយភាពក្រីក្រ ពហុវិមាត្រ (Multidimensional Poverty) បានលឿនជាងគេ។
ជាមួយគ្នានេះ លោកស្រីក៏បានសម្តែងនូវការប្តេជ្ញាចិត្តគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអន្តរកាល ដែលកម្ពុជានឹងចាកចេញពីឋានៈ ជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្នុង ឆ្នាំ២០២៧ ខាងមុខនេះ, គាំទ្រដល់ការសម្រេច ឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) និងជាពិសេសគាំទ្រ ដល់ការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបានដឹកនាំការរៀបចំ និងដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយផ្តោតសំខាន់ លើការអភិវឌ្ឍមូលធនមនុស្ស, ការបង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ឱ្យកាន់តែប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាជនកម្ពុជា និងនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច និងស្ថានភាពភូមិសាស្ត្រនយោបាយសកល។
ពាក់ព័ន្ធនឹងចំណុចនេះ លោកស្រី Alissar Chaker បានសម្តែងនូវស្មារតីសុទិដ្ឋិនិយម សម្រាប់អនាគតនៃប្រទេសកម្ពុជា និងបានបញ្ជាក់ថាកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) កំពុងបញ្ចប់ការរៀបចំ «ឯកសារកម្មវិធីប្រចាំប្រទេសកម្ពុជា ២០២៤-២០២៨» (Cambodia Country Programme Document 2024-2028) ដែលត្រូវបានរៀបចំឡើង ឱ្យមានសង្គតិភាព ជាមួយនឹងអាទិភាពនានា នៅក្នុង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីបន្តរួមចំណែកសម្រេចឱ្យបាន នូវគោលដៅយុទ្ធសាស្ត្រ ដែលបានដាក់ចេញក្នុង «យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១»។ ជាមួយគ្នានេះ UNDP ក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការគាំទ្រការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការសហការអនុវត្តកម្មវិធីមួយចំនួន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជា៖ (១).ការរៀបចំក្របខណ្ឌ សមាហរណកម្មហិរញ្ញប្បទានជាតិ (Integrated National Financing Framework – INFF) ដែលជាកម្មវិធីជួយរៀបចំផែនទី បង្ហាញផ្លូវសម្រាប់កៀរគរ ប្រភពធនធានហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យអាទិភាព និងការសម្រេចបាននូវគោលដៅ ប្រកបដោយចីរភាព, (២).កម្មវិធី SDG Budget Tagging ដែលជាកម្មវិធីសម្រាប់សិក្សាអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានហិរញ្ញវត្ថុ, និង (៣).ការប៉ាន់ស្មានសន្ទស្សន៍ភាពងាយរងគ្រោះពហុវិមាត្រ (Multidimensional Vulnerability Index) ដែលត្រូវបានរៀបចំឡើង ដើម្បីរួមចំណែកក្នុងការកំណត់អាទិភាពចំពោះមុខ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានជម្រាបជូនលោកស្រីតំណាង UNDP ប្រចាំការកម្ពុជាជ្រាបផងដែរ អំពីអាទិភាពការងារសំខាន់ៗ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្រ្តី។ ក្នុងជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកស្រី Alissar Chaker បានឯកភាពគ្នានឹងពិនិត្យលទ្ធភាព ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្នុងការសិក្សាស្រាវជ្រាវ លើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់ សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា និងការបន្តពន្រឹងសមត្ថភាព គ្រប់អង្គភាពក្រោមឱវាទ និងការពង្រឹងសម្ថតភាព មន្ត្រីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី៕