ព័ត៌មានជាតិ

ក្រុមហ៊ុន ២ទៀត បោះទុនជាង ១១លានដុល្លារ បង្កើតរោងចក្រផលិត ដើមគ្រីស្មាស់ និងអំពូលភ្លើង លម្អគ្រប់ប្រភេទ

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ១១លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលម្អដើមគ្រីស្មាស់ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ ព្រមទាំងផ្ដល់ឱកាសការងារជាង ១ពាន់កន្លែង ។

យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“TW LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។

២-“G.U INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង ៕

To Top