ព័ត៌មានជាតិ

ធនាគារពិភពលោក បេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងផ្ដល់ថវិកាបន្ថែម លើគម្រោងថែទាំ ផ្លូវជនបទ នៅកម្ពុជា

រូបភាព ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ តំណាងធនាគារពិភពលោក ដឹកនាំដោយលោកស្រី Mariam J.Sherman នាយិកាបស់ធនាគារពិភពលោក ប្រចាំប្រទេសមីយ៉ានម៉ា កម្ពុជា និងឡាវ និងលោកស្រី Maryam Salim ប្រធានប្រចាំប្រទេសកម្ពុជា បានសម្ដែងការបេ្តជ្ញា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងផ្ដល់ថវិកាបន្ថែម លើគម្រោងថែទាំផ្លូវជនបទ នៅកម្ពុជា ។

ការប្ដេជ្ញានេះ ធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោកស្រីបានធ្វើការវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅជាអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមការលើកឡើងរបស់លោករដ្ឋមន្ត្រី នាពេលនេះ។

លោកស្រី បានបន្តលើកឡើង ពីកិច្ចសហប្រតិបត្តិការ លើគម្រោងអភិវឌ្ឍន៍កន្លងមក ដែលគម្រោងខ្លះ គឺកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ន និងបានបេ្តជ្ញាក្នុងការបន្ត កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជាការផ្ដល់ថវិកាបន្ថែម លើគម្រោងថែទាំផ្លូវជនបទ ឱ្យកាន់តែប្រសើឡើង។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះធនាគារពិភពលោក ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អ និងគាំទ្រផ្តល់ជាជំនួយមកកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានជម្រាបជូន លោកស្រីប្រធាន និងសហការី នូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពបញ្ញាញាណ ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ ដូចមាន ៖
១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និង គមនាគមន៍ សំដៅពង្រីកវិសាលភាពផ្លូវនៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីលើកកម្ពស់ សេដ្ឋកិច្ចប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនកសិផល និងទទួលសេវាកម្មនានា ធ្វើឱ្យជនបទខិតមកកាន់តែជិតទីក្រុង ។
២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននូវអនាម័យល្អ និងការរស់នៅមានផាសុកភាព ។
៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បង្កើនចំណូលគ្រួសារ តាមរយៈការបណ្តុះបណ្តាលជំនាញ មូលដ្ឋានដើម្បីអាចបង្កើតមុខរបរផ្សេងទៀត បន្ថែមលើមុខរបរកសិកម្ម ។
៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដោយពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកស្ទួយប្រសិទ្ធភាពក្នុងការបំពេញ ការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត៕

To Top