ព័ត៌មានជាតិ

ប្រមុខរដ្ឋស្តីទី លើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា-ថៃ សម្របសម្រួលយន្តការនានា ដើម្បីសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ១៥ប៊ីលានដុល្លារ

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានលើកទឹកចិត្តរាជរដ្ឋាភិបាលថ្មី កម្ពុជា-ថៃ បន្ដសម្របសម្រួលនូវយន្តការនានា ដើម្បីឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥ ខាងមុខ។

នាឱកាសទទួលជួបលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ សម្តេច សាយ ឈុំ មានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មី នៃប្រទេសទាំងពីរ នឹងបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលរាជរដ្ឋាភិបាលមុនៗ បានខិតខំសម្រេចបានរួមគ្នានាពេលកន្លងមក។

សម្តេច បញ្ជាក់ថា «លើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរ បន្តជំរុញនិងសម្របសម្រួលនូវយន្តការនានាដែលមានស្រាប់ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ជាពិសេសការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥»។

ជាមួយគ្នានេះ សម្តេច ប្រមុខរដ្ឋស្តីទី បន្ដថា រាជរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរនឹងបន្តរិះរកនូវយន្តការថ្មីៗបន្ថែមទៀត ដើម្បីបុព្វហេតុនៃការរីកចម្រើនរបស់ប្រទេសទាំងពីរ សម្រាប់នាំមកនូវវឌ្ឍនភាព វិបុលភាព សន្តិភាព ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ និងអន្តរជាតិ។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីថៃ​សង្ឃឹមថា នាពេលអនាគត ការវិនិយោគទុនរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងច្រើងជាងអ្វីដែលបានគ្រោងទុកនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោកមានជំនឿជឿជាក់ថា ចាប់ពីពេលនេះទៅប្រទេសទាំងពីរ នឹងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អលើវិស័យឧស្សាហកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត៕

To Top