ភ្នំពេញ៖ កម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន និងមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើប្រមាណ ៣០០ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយមន្ត្រីធនធានមនុស្សរបស់ក្រុមហ៊ុនទាំង ៦ ដែលបានចូលរួមកាលពីថ្ងៃម្សិញនេះ។ ជាលទ្ធផល អ្នកស្វែងរកការងារចំនួន ៩០ នាក់ បានសម្ភាសជាប់ ដោយក្នុងនោះ អ្នកជាប់ស្ថាពរមានចំនួន១០ នាក់ និង អ្នកជាប់បឋមចំនួន ៨០នាក់។

លោកស្រី មាន ស្រីស្រស់ ជាមន្ត្រីជ្រើសរើសបុគ្គលិកមីក្រូហិរញ្ញវត្ថុ ចម្រើន បានលើកឡើងថា នៅក្នុងវេទិកាការងារដែលរៀបចំដោយ NEA ពិតជាមានបេក្ខជនច្រើនណាស់ មកចូលរួមដាក់ពាក្យ និងសម្ភាសការងារ។ លោកស្រីបន្តថា៖ «ក្រុមការងាររបស់ខ្ញុំ ដែលមកចូលរួមជាមួយនឹង NEA ស្ទើរតែពុំមានពេលសម្ភាស បងប្អូនដែលមកស្វែងរកការងារ ត្បិតក្រុមការងារមានចំនួនតិច ហើយអ្នកមកចូលរួមមានចំនួនច្រើន»។

លោក គឹម សុបញ្ញា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើស បុគ្គលិកធនាគារ អ៊ូរី លើកឡើងថា ទីតាំង NEA គឺជាកន្លែងជួបគ្នាដោយងាយស្រួលរវាង តំណាងក្រុមហ៊ុន និងអ្នកស្វែងរកការងារធ្វើ។ លោកបន្ថែមថា ប្រសិនបើ សិស្ស/និស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេច NEA ដែលជាប្រភពនៃព័ត៌មាន ការងារយ៉ាងច្រើនសម្បូរបែប។ លោកក៏សូមថ្លែងអំណរអគុណ ដែល NEA ក៏ដូចជាក្រសួងការងារ ដែលតែងតែសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងការជ្រើសរើសបុគ្គលិក។

យុវជន ចន្ធូ រតនៈ រៀននៅវិទ្យាល័យហ៊ុនសែនកោះចិន បានសម្ភាសជាប់ជាស្ថាពរ នៅក្រុមហ៊ុន Master Suki Soup ផ្នែក Services លើកឡើងថាប្អូនពិតជាសប្បាយ រីករាយណាស់ដែលទទួលបាន ការងារតាមរយៈកិច្ចសម្ភាសការងារនេះ។ ប្អូនប្រុស ក៏បានអំពាវដល់យុវជនដែល មិនទាន់មានការងារធ្វើ ឬចង់ ផ្លាស់ប្ដូរការងារថ្មី សូមយក CV មកក្រសួង ការងារ ដើម្បីដាក់ពាក្យសម្ភាសការងារនៅ NEA ជាមួយក្រុមហ៊ុនធំៗជាច្រើន ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួម ក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀម លក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបាន ការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួម ក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕






