ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីអគ្គីភ័យឆាបឆេះផ្ទះ មួយកន្លែង នៅចំណុច ផ្លូវបេតុង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យម្ចាស់ផ្ទះឈ្មោះ ឡាច សាម៉ុន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរជាមន្ត្រីចូលនិវត្តន៍ បានស្លាប់យ៉ាងអាណោចអាធម ។
ចំពោះមូលហេតុដែលបង្កឲ្យកើតជាគ្រោះអគ្គីភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំ (៦ម៉ែត្រ គុណ១២ម៉ែត្រ) បានឆេះអស់ទាំងស្រុង រួមមាន ឆេះកៅអីដែកអស់ប្រហែល ៩៥០កៅអី និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
ចំពោះប្រតិបត្តិការបាញ់ពន្លត់ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨ រថយន្ត ស្មើរនឹង ៤៦ ម៉ែត្រគូប និងរថយន្តជំនួយកងពលតូចលេខ៧០ចំនួន ៤ គ្រឿង ពុំបានប្រើប្រាស់ទឹក ។
ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការគ្រប់គ្រងនិងបាញ់ពន្លត់ទាំងស្រុងនៅវេលាម៉ោង ១២៖៥០នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ៕