ព័ត៌មានជាតិ

អូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន

រូបភាពពីក្រសួងបរិស្ថាន

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ក្នុងវិស័យបរិស្ថាន ជាពិសេសអូស្រ្តាលីនឹងគាំទ្រលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះប្រទេសអូស្រ្តាលី និងប្រជាពលរដ្ឋអូស្រ្តាលី ដែលតែងតែយកចិត្តលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដែលការងារអាទិភាពទាំងនោះ រួមមាន ការគ្រប់គ្រងសំណល់ ការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីរក្សាបានគម្របព្រៃឈើជាង ៦០%ជារៀងរាល់ឆ្នាំ និងលើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការការពារបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ទាំងគ្រប់ជាតិសាសន៍នៅទូទាំងសាកលលោក។

លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី យល់ស្រប និងគាំទ្រលើការងារអាទិភាពទាំង៣របស់ក្រសួង ដែលយុទ្ធសាស្រ្តនេះមានបង្កប់នូវភាពជាក់លាក់ ច្បាស់លាស់ពីមួយជំហានទៅមួយជំហាននិងមានទឡ្ហីករភ្ជាប់ជាមួយផង ។

បន្ថែមពីនេះ លោក Justin Whyatt ក៏មានបំណងចង់អញ្ជើញ លោករដ្ឋមន្ត្រី ទៅទស្សកិច្ចប្រទេសអូស្ត្រាលី ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើកិច្ចគាំពារបរិស្ថានក្នុងករបខណ្ឌការគ្រប់គ្រងសំណល់ ការគ្រប់គ្រងជីវចម្រុះ  និងការប្រែប្រួលអាកាសធាតុ ។
សូមបញ្ជាក់ថា ការងារអាទិភាពរបស់ក្រសួងបរិស្ថានកំពុងអនុវត្ត គឺស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និង៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការចំណងការទូតនានា ៕

To Top