ព័ត៌មានជាតិ

លោក សយ សុភាព៖ «ជនជាតិខ្មែរម្នាក់ គឺជាអ្នកជួយផ្សព្វផ្សាយ ទេសចរណ៍ម្នាក់»

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងជាទ្រឹស្ដីមួយថា «ជនជាតិខ្មែរម្នាក់ គឺជាអ្នកជួយផ្សព្វផ្សាយ ទេសចរណ៍ម្នាក់»។

ការលើកឡើងជាទ្រឹស្ដីនេះ ធ្វើឡើងបន្ទាប់ពីរូបលោកបានដឹកនាំក្រុមការងារ នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មកដល់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្រោយស្រស់ស្រូបអាហារពេលព្រឹករួច លោក សយ សុភាព បានចោលកន្ទុយភ្នែក សម្លឹងមើលទិដ្ឋភាព ក្នុងទីក្រុងឌូបៃ ដោយនឹកស្រមៃថា កម្ពុជា នឹងឈានឆ្ពោះទៅរកការរីកចម្រើនបន្ថែមទៀត ជាពិសេស លើវិស័យទេសចរណ៍។

លោក សយ សុភាព បានអះអាងថា ក្នុងនាមជាអ្នកផ្សព្វផ្សាយព័ត៌មាន មួយរូបរបស់កម្ពុជា នឹងប្ដេជ្ញា ធ្វើយ៉ាងណាព្យាយាមឃោសនា ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យទស្សនាប្រាង្គប្រាសាទអង្គរ និងតំបន់ទេសចរណ៍ដ៏ទៃទៀត ដែលខ្មែរមាន។

ចំពោះការបង្កើតទ្រឹស្ដី «ជនជាតិខ្មែរម្នាក់ គឺជាអ្នកជួយផ្សព្វផ្សាយទេសចរណ៍ម្នាក់» លោក សយ សុភាព ក៏បានសុំការអភ័យទុកជាមុន បើមានការខុសឆ្គង ព្រោះរូបលោក មិនមានជំនាញទេសចរណ៍។

លោកលើកឡើងបន្ថែមថា «ទោះបីយ៉ាងណាក៏ដោយ ពេលនេះ យើងត្រូវរួមគ្នាជួយលើកស្ទួយ វិស័យទេសចរណ៍ របស់កម្ពុជា»។

ជាមួយគ្នានេះ លោក សយ សុភាព បានអំពាវនាវទៅកាន់មជ្ឈដ្ឋានខ្លះ សូមកុំបន្តវាយប្រហាររឿងបញ្ហាទេសចរណ៍ធ្លាក់ចុះ តែយើងនាំគ្នា ជួយស្រោចស្រង់ វិស័យនេះដើម្បីជាតិយើង ប្រជារាស្ត្ររបស់យើង នោះយើងនឹងបង្ហាញឱ្យឃើញ ពីសាមគ្គីគ្នា ជាធ្លុងមួយ នៃប្រជាជាតិមួយ ដែលមានអរិយធ៌មរុងរឿង និងវប្បធម៌ សម្បូរបែប។

To Top