ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ប្រកាសផ្អាកផ្ទេរ និងផ្លាស់ប្ដូរការងាររបស់ មន្ដ្រីរាជការស៊ីវិល

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានសម្រេចផ្អាកការផ្ទេរ និងផ្លាស់ប្ដូរការងាររបស់ មន្ដ្រីរាជការស៊ីវិល រហូតដល់មានការណែនាំជាថ្មី ឬការសម្រេចដោយឡែករបស់រាជរដ្ឋាភិបាល។

យោងតាមលិខិតរបស់ ក្រសួងមុខងារសាធារណៈ នាពេលថ្មីៗ បានឲ្យដឹងថា ផ្អែកលើការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាពបំពេញការងារ របស់មន្ត្រីរាជការស៊ីវិល ឲ្យមានស្ថិរភាព និងប្រសិទ្ធភាព ក្រសួងនឹងបន្តពិនិត្យ និងផ្តល់ទិដ្ឋាការចំពោះសំណើ ដែលមានការឯកភាពរួចហើយពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នក្នុងអាណត្តិមុន អនុលោមបែបបទ និងនីតិវិធីជាធរមាន។

ក្រសួងបញ្ជាក់ថា «ដោយឡែក សំណើដែលទទួលបានការឯកភាពពីថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័ន នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងត្រូវអនុវត្តផ្អែកលើគោលការណ៍ សម្រេចផ្អាកជាទូទៅរបស់រាជរដ្ឋាភិបាល រហូតដល់មានការណែនាំជាថ្មី ឬការសម្រេចដោយឡែករបស់រាជរដ្ឋាភិបាល»។

ក្រសួង នឹងពិនិត្យ និងផ្តល់ទិដ្ឋាការចំពោះសំណើផ្ទេរ និងផ្លាស់ប្តូរការងារ ក្នុងករណីដូចជា៖ មន្ត្រីរាជការកំពុងបម្រើការងារក្នុងក្រសួង ស្ថាប័នមួយហើយ បានប្រឡងជាប់ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន មួយផ្សេងទៀត ដែលត្រូវផ្ទេរក្របខ័ណ្ឌទៅបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នដែលសាមីខ្លួនបានប្រឡងជាប់។

ក្រសួងបន្ថែមថា ចំពោះ មន្ត្រីរាជការដែលត្រូវបានតែងតាំង ក្នុងមុខតំណែងនយោបាយ ដូចជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីខុទ្ទកាល័យរបស់ថ្នាក់ដឹកនាំកម្រិតនយោបាយ និងក្នុងមុខតំណែងមុខងារសាធារណៈ ជាអភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ក្រុង ស្រុក ខណ្ឌ ឬមុខតំណែងប្រហាក់ប្រហែលផ្សេងទៀត ដែលត្រូវផ្ទេរក្របខ័ណ្ឌ និងការបើកបៀវត្សនៅក្រសួង ស្ថាប័ន និងអង្គភាពថ្មី។ លើសពីនេះ ការផ្ទេរ និងផ្លាស់ប្ដូរកន្លែងការងារ ក្នុងក្រសួង ស្ថាប័នតែមួយ ដែលជួយដល់ការពង្រាយ មន្ដ្រីទៅតំបន់ដែលកំពុងប្រឈម នឹងបញ្ហាខ្វះមន្ដ្រី៕

To Top