ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន ៖ ចង់ទទួលបានជោគជ័យ មន្រ្តីរាជការចាំបាច់ ត្រូវបុរេសកម្ម និងមានផែនការយុទ្ធសាស្រ្តផ្ទាល់ខ្លួន

រូបភាពពី៖​ ក្រសួងបរិស្ថាន

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱវាទឲ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែបុរេសកម្ម មានការរៀបចំផែនការយុទ្ធសាស្រ្តផ្ទាល់ខ្លួន និងកំណត់អាទិភាពការងារ ទើបទទួលបានជោគជ័យ ក្នុងការងារ ហើយឈានឆ្ពោះទៅជាអ្នកដឹកនាំដ៏មានគុណភាព និងប្រសិទ្ធភាពនាពេលអនាគត។

ក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការក្រោមឱវាទនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាពថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ អ្នកចេះពិតប្រាកដ អ្នកមានសមត្ថភាព គឺនឹងត្រូវបានលើកតម្កើងឲ្យក្លាយទៅជាអ្នកដឹកនាំបន្តវេន នាពេលអនាគត

លោករដ្ឋមន្រ្តីបញ្ជាក់ថា «បរិយាកាសប្រកួតប្រជែងដោយស្មើភាព និងតម្លាភាពបំផុត ចំពោះមន្រ្តីរាជការទាំងអស់ ដូចនេះទាមទារឲ្យមានភាពបុរេសកម្ម និងមានចំណេះដឹង ចេះរៀបចំផែនការយុទ្ធសស្រ្តផ្ទាល់ខ្លួន និងបែងចែក ចាត់ចែងការងារអាទិភាព (ទាំងបច្ចេកទេស និងទាំងការងារបក្ស) ដើម្បីសម្រេចបានប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់ក្រសួង»។

ជាងនេះទៅទៀត អ្នកដែលមានស្នាដៃ លោករដ្ឋមន្រ្តី នឹងដំឡើងឋានន្តរស័ក្តិ រួមទាំងមេដាយស្របទៅតាមពេលវេលា ដែលក្រសួងមុខងារសាធារណៈបានចែងផងដែរ ។

លើសពីនេះ លោករដ្ឋមន្រ្តី ប្រកាសថា ក្រសួងបានរៀបចំរួចហើយនូវយុទ្ធសាស្រ្តចក្រាដែលឆ្លើយតប ទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបាននឹងកំពុងដាក់ឆ្លងជាមួយថ្នាក់ដឹកនាំឲ្យពិនិត្យ និងសម្រេច ដើម្បីអគ្គនាយកដ្ឋាននីមួយៗ យកទៅបំបែកជាយុទ្ធសាស្រ្តសកម្មភាពការងារទៅតាមផែន និងជំនាញរៀងខ្លួន ក្នុងន័យជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ចឲ្យសម្រេចបានជោគជ័យ ដើម្បីឲ្យនាវាបរិស្ថានឈានទៅមុខដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

To Top