ព័ត៌មានជាតិ

សម្ដេចធិបតី តបថា វប្បធម៌សន្ទនា ដើរបានទាល់តែភាគីទាំង២ ឯកភាព និងយល់គ្នា

រូបភាពពី៖​ ដើមអម្ពិល

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបក្រុមប្រឆាំងនៅក្រៅប្រទេសថា វប្បធម៌សន្ទនាដែលបង្កើតឡើងតាំងពីជាង១០ឆ្នាំមុន (ក្រោយការបោះឆ្នោតឆ្នាំ២០១៣) ក្នុងជំនាន់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដំណើរការបានទាល់តែភាគីទាំង២ ឯកភាពគ្នា និងយល់ពីគ្នា ទើបដើរលើផ្លូវជាមួយគ្នាបាន ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយកម្មករ នៅព្រឹកថ្ងៃ៣តុលា ដោយរំលឹកថា ថ្មីៗនេះ លោកស្រី មូរ សុខហួរ អតីតមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិបានដឹកនាំមនុស្សមួយក្រុមតូចទៅធ្វើបាតុកម្ម ប្រឆាំងនឹងវត្តមានសម្ដេច នៅមុខអង្គការសហប្រជាជាតិជាទីកន្លែងសម្តេចចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើទឹកដីមហាអំណាចអាមេរិក ហើយក្រោយមក ចង់បង្កើតមានវប្បធម៌សន្ទនា ខណៈសម្តេចចោទសួរទៅក្រុមប្រឆាំងរបស់លោកស្រី មូរ សុខហួរវិញ ថា «តើឲ្យប្រើវប្បធម៌សន្ទនាបែបណា បើជេរ ខ្ញុំរហូត?»។

សម្ដេចបញ្ជាក់ថា «ឃើញលោកយាយមួយនោះ (មូរ សុខហួរ) លើកគ្នាទៅបាតុកម្ម ជេរខ្ញុំ ជេរសុទ្ធតែត្រកូល ហ៊ុន អាក្រក់ ចុះចេញ ជេរចប់ គេយាយថា លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលថ្មី គួរតែយើងមានវប្បធម៌សន្ទនា។ ឥឡូវ សន្ទនាយ៉ាងម៉េចបើជេរតែរហូត»។

សម្ដេចបន្ដថា «អារឿងវប្បធម៌សន្ទនា វាដើរទាល់តែភាគីទាំងពីរ ឯកភាពគ្នា យល់គ្នាមែនទេ? ចង់ត្រូវគ្នា ពួកម៉ាកឈ្លោះគ្នាត្រូវគ្នា កុំមកជេរពីនាយហើយ មកបបួលត្រូវគ្នា អត់ត្រូវទេណា៎ មកដល់ជេរឯងកប់ៗ ហើយ មកបបួលឯងត្រូវ អត់ត្រូវទេ»។

សម្ដេចរំលឹកថា វប្បធម៌សន្ទនានេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បង្កើតឡើងជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែក្រោយមក វប្បធម៌សន្ទនានេះ ត្រូវបានបរាជ័យទៅវិញ ដោយសារតែទង្វើលោក សម រង្ស៊ី។ សម្ដេចថា វប្បធម៌សន្ទនាដើរបានទាល់តែភាគីទាំងពីរយល់ចិត្តគ្នា៕

To Top