ភ្នំពេញ ៖ លោក សាស្ដ្រាចារ្យ បណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និង ជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា, និង សមាគមគីវ៉ានីស៍ នាំយកអំណោយសម្ភារៈ និង សៀវភៅអាន ទៅបំពាក់ រៀបចំជូន ជាបណ្ណាល័យ១បន្ទប់ នៅសាលាបឋមសិក្សា “ព្រៃតុម្ព” ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូរ ខេត្តកំពត ។ នេះជាលើកទី៣ហើយ ដែលកម្មវិធី“បណ្ណាល័យខ្ញុំ” បានជួយ ឧបត្ថម្ភ ដល់សិស្ស ក្នុងតំបន់ដាច់ស្រយាលខ្វះខាត បន្ទាប់ពីបានជួយដល់សិស្សានុសិស្ស នៅខេត្តកណ្ដាល និង ខេត្តកំពង់ស្ពឺ ។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-40-19-1024x682.jpg)
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច មានប្រសាសន៍ថា អំណោយនាពេល នេះ បានមកពីការចូលរួម របស់ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា, សមាគមគីវ៉ានីស៍ និងសប្បុរសជននានា ដែល រួមគ្នាបង្កើត ជាកម្លាំងមនុស្សធ៌ម ជួយដល់វិស័យ អបរំនៅកម្ពុជា នេះគឺជាវប្បធ៌មចែករំលែក ជួយគ្នា ពីអ្នកមានលទ្ធភាពដល់អ្នក ទន់ខ្សោយខ្វះខាត ដើម្បីចូលរួមជួយដល់មនុស្ស ក្នុងសង្គមបានរីកចំរើនទៅព្រមៗគ្នា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ឱ្យ បាន រីកចម្រើន។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-40-23-1024x682.jpg)
លោកបណ្ឌិត បានណែនាំ ឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ចាប់ពីថ្នាក់ដំបូងរហូតដល់វិទ្យាល័យ និង បន្តទៅកម្រិតឧត្ដមសិក្សាទៀតឲ្យបានចប់ ដោយយកការអាន ជាមូលដ្ឋានគ្រឹះក្នុងការសិក្សា ដូចសុភាសិត១ឃ្លា បានពោលថា អានច្រើន កើនបញ្ញា ។ ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន វាអាចជួយខ្លួនយើង ចេញផុតពីភាពល្ងង់ខ្លៅ ឲ្យទទួលបាននូវភាពថ្កុំថ្កើងរុងរឿង វាមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកកាត់ បន្ថយភាពក្រីក្រ ផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិ ផងដែរ។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-40-27-1024x767.jpg)
លោក សួន វណ្ណា នាយកសាលាបឋមសិក្សាព្រៃតុម្ព បានថ្លែងអំណរគុណដល់ម្ចាស់អំណោយ និង បានចាត់ទុកថា ជំនួយឧបត្ថម្ភនាពេលនេះជាការជួយសម្រួលការលំបាកខ្វះខាត ដល់សិស្សានុសិស្សក្នុងការស្វែងរកឯកសារ សម្រាប់អាន សិក្សាស្រាវជ្រាវ និង ជាការលើកកម្ពស់ដល់ លើការអានរបស់សិស្សានុសិស្ស នៅទីនេះ ឲ្យកាន់តែប្រសើរ ។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-40-32-1024x682.jpg)
គួរបញ្ជាក់ថា អំណោយដែលនាំយកទៅបំពាក់នៅបណ្ណាល័យនោះរួមមានទូរទស្សន៍១គ្រឿង; ម៉ាស៊ីនចាក់DVD១គ្រឿង; កង្ហារ៥គ្រឿង; អំពូលភ្លើង១៥; ខ្សែភ្លើង១៦០ម៉ែត្រ; កម្រាលផ្លាស្ទីក ១០០ ម៉ែត្រការ៉េ; ទូ ដាក់តាំងសៀវភៅ៥; ធ្នើដាក់ស្បែកជើង២;តុក្មេងមត្តេយ្យ៤០;តុក្មេងអង្គុយអាន៦;កម្រាលផ្លាស្ទីក១០០ម៉ែត្រការ៉េ;សៀវភៅអាន២០០ក្បាល និង កសាងបង្គន់អនាម័យ ១បន្ទប់ សម្រាប់សិស្សានុសិស្សប្រើប្រាស់ ខណៈដែលសាលាកំពុងខ្វះខាត ។ ក្រៅពីនេះសម្រាប់ សិស្សានុសិស្ស ៣៣៨ នាក់ ក្នុងម្នាក់ទទួលបានសៀវភៅសរសេរ ២ក្បាល; ប៊ិច២ ដើម; ខ្មៅដៃ២ និង ជ័រលុប ១ ព្រមទាំងអាហារថ្ងៃត្រង់ផងដែរ ៕
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-40-35-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-40-40-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-40-44-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-40-52-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-40-56-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-41-01-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-41-05-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-41-09-1024x767.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-41-13-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-41-18-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-03_11-41-23-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)