ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ច្បាស់ៗថា រឿងអ្វីក៏ដោយឲ្យតែជាកង្វល់របស់ប្រជាពលរដ្ឋរាប់ទាំងករណីពន្ធជាដើម មិនត្រឹមតែតាមហ្វេសប៊ុក គឺសម្ដេចត្រូវតែយកចិត្តទុកដាក់ ក្នុងការដោះស្រាយជូនពួកគាត់ ។
ថ្លែងពីវេទិកាជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី៣ តុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សុំញែកឲ្យដាច់ពីគ្នារវាង រឿងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រឿងគិតគូរទាំងសេដ្ឋកិច្ច ទាំងពន្ធអាករ និងរឿងសម្ដីរបស់លោក គង់ វិបុល ដែលធ្វើឲ្យមានការជជែកគ្នា ។
សម្ដេចថា រឿងលោក គង់ វិបុល និយាយនៅថ្ងៃទី១៥ សីហា គឺនិយាយអត់បានច្បាស់ ធ្វើឲ្យមានការរំជើបរំជួយ ពិសេសអាចារ្យ A ចេញមកវាយយកៗតែម្ដង និងខ្លះចេញមកប្រតិកម្ម ធ្វើឲ្យប្រជាពលរដ្ឋ មានការកង្វល់ ។
សម្ដេចធិបតីបញ្ជាក់ថា «សួរថាក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រី តើខ្ញុំគួរយកចិត្តទុកដាក់ទៅលើមួយណា ទី១.រឿងសេដ្ឋកិច្ចជីវភាពរស់នៅរបស់ពលរដ្ឋដែលជារឿងរួម ។ មួយទៀតរឿងសម្ដីឯកឧត្ដម គង់ វិបុល និយាយក្នុងសម្ភាសន៍ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ សម្រាប់ខ្ញុំ ខ្ញុំយកចិត្តទុកដាក់ទាំងពីរ ព្រោះរឿងអីក៏ដោយ នៅក្នុងហ្វេសប៊ុកក៏ដោយឲ្យតែមានជាកង្វល់របស់ប្រជាជន ខ្ញុំត្រូវយកចិត្តទុកដាក់ ប៉ុន្តែវិធានការឆ្លើយតប ខ្ញុំធ្វើខុសគ្នា» ។
សម្ដេចបន្តថា រឿងជាក់ស្ដែងសម្ដេចដាក់វិធានការ និងបញ្ជូលសារផ្ទាល់ ប៉ុន្តែរឿងនិយាយគ្នាក្នុងហ្វេសប៊ុក គឺសម្ដេចប្រគល់ភារកិច្ច ឲ្យអ្នកដែលពាក់ព័ន្ធធ្វើ និងពន្យល់មុន បញ្ជូនសារ។ សម្ដេចដាក់ជាសំណួរថា «តើខ្ញុំជានាយករដ្ឋមន្ត្រី ត្រូវតែឆ្លើយតបរឿងនៅលើហ្វេសប៊ុក គ្រប់ពេលឬអត់?» ។
សម្ដេចគូសបញ្ជាក់ថា រឿងខ្លះសម្ដេចធ្វើខ្លួនឯង សម្ដេចផ្សាយខ្លួនឯងជូនមហាជនបានដឹង ហើយរឿងខ្លះគឺទុកឲ្យអ្នកទទួលខុសត្រូវ ចេញបកស្រាយ និងដោះស្រាយចាត់វិធានការ ។
សម្ដេចលើកឡើងថា រឿងអ្វីក៏ដោយឲ្យជាកង្វល់របស់ប្រជាពលរដ្ឋ គឺជាក្ដីកង្វល់របស់នាយករដ្ឋមន្ត្រី ត្រូវចាត់វិធានការដោះស្រាយជូនភ្លាមៗ ៕