ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ដ របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ទណ្ឌកម្ម ឬបន្ទាបបន្ថោក។
ភារកិច្ចសំខាន់ៗមួយចំនួនរបស់ គ.ជ.ប.ទ មានដូចខាងក្រោម ៖

១-បណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ លិខិតបទដ្ឋានជាតិ និងអន្តរជាតិពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ជូនដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្ត្រីប្រតិបត្តិច្បាប់ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងសាធារណៈជន។

២-ត្រួតពិនិត្យយ៉ាងទៀងទាត់នូវប្រព្រឹត្តកម្មរបស់អាជ្ញាធរមានសមត្ថកិច្ចលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព។

៣-អង្កេតស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម ឬអំពើមិនគប្បីឯទៀតប្រព្រឹត្តដោយអាជ្ញាធរ មានសមត្ថកិច្ច បុគ្គល ឬអង្គភាពណាមួយ។

៤-ផ្ដល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ។

៥-ទំនាក់ទំនងសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះ អង្គការសហប្រជាជាតិ ក្រសួង ស្ថាប័ននិង អង្គភាពពាក់ព័ន្ធចំណុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

៦-ពិនិត្យ ធ្វើសេចក្តីស្នេី​ និងសេចក្តីសង្កេត លើកអនុសាសន៍លើច្បាប់ និង/ឬលិខិតបទដ្ឋានពាក់ព័ន្ធ។

៧-រៀបចំរបាយការណ៍ ស្តីពីការអនុវត្តរបស់អាជ្ញាធរពាក់ព័ន្ធស្របតាមគោលការណ៍នានាជាធរមានជូនរាជរដ្ឋាភិបាល៕

To Top