ព័ត៌មានជាតិ

ការលើកស្ទួយជីវភាព ប្រជាសហគមន៍ ជា​កត្តាចម្បងឈានឆ្ពោះ ទៅកាន់ចក្ខុវិស័យ ប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់

រូបភាព ក្រសួងបរិស្ថាន

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការលើកស្ទួយជីវភាពប្រជាសហគមន៍ ជាកត្តាចម្បងឈានឆ្ពោះ ទៅកាន់ចក្ខុវិស័យប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ខាងមុខ ។

ក្នុងជំនួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានថ្លែងថា «ការជំរុញ និងលើកស្ទួយជីវភាពប្រជាសហគមន៍ គឺជាកត្តាចម្បងឈានឆ្ពោះ ទៅកាន់ចក្ខុវិស័យប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូល ខ្ពស់នៅឆ្នាំ ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេស ជឿនលឿនមួយក្នុងតំបន់»។

លោករដ្ឋមន្ដ្រី បន្ដថា នៅក្នុងការងារអាទិភាពរបស់ក្រសួង កត្តាជីវភាពសហគមន៍ គឺចំនុចស្នូលនៃយុទ្ធសាស្រ្តចក្រា ហើយយុទ្ធសាស្រ្តនេះទៀតសោត គឺបានបំបែកចេញពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ដើម្បីសម្រេចឲ្យបាននូវយុទ្ធសាស្រ្តនេះ អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន ត្រូវតែធ្វើការរួបរួមគ្នា រវាងនាយកដ្ឋានមួយ ទៅនាយកដ្ឋានមួយទៀត និងជួយមើល ជួយតាមដានឲ្យជាប់ ក្តាប់ព័ត៌មានឲ្យ បានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការងារអាទិភាព លើការលើកកម្ពស់ជីវភាព សហគមន៍ និងការធ្វើកសិកម្ម ជំរុញអព្យាក្រឹត្យកាបូន និងពង្រឹងគុណភាព តាមរយៈបង្កើន សមត្ថភាពសហគមន៍។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋានមាននាយកដ្ឋាន៤ ស្ថិតក្រោមចំណុះ ដែលរួមមាន នាយកដ្ឋានជីវភាព សហគមន៍ នាយកដ្ឋានទេសចរណ៍ធម្មជាតិ នាយកដ្ឋានបេតិកភ័ណ្ឌធម្មជាតិ និងនាយកដ្ឋានរដ្ឋបាល៕

To Top