ភ្នំពេញ ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានពន្លយសារអប់រំមួយហាក់ផ្តល់ចំៗ ដល់គ្រប់អ្នកសារព័ត៌មាន គួរពិចារណា និងរៀនសូត្រ ត្រង់ត្រាប នូវវិជ្ជាជីវៈរបស់ខ្លួន ក្រោយពីមានហេតុការណ៍បាញ់ប្រហារដ៏ឃោរឃៅមួយ កើតឡើងនៅកណ្តាទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែសារព័ត៌មានថៃ ហាក់មិនមានការសម្រុកចុះផ្សាយព្រោងព្រាតពីហេតុការណ៍នេះប៉ុន្មានឡើយ ពោលត្រឹមជាសេចក្តីរាយការណ៍ខ្លីៗ ជាដំណឹងសម្រាប់ពលរដ្ឋខ្លួនប៉ុណ្ណោះ ។
មុននឹង លើកយកសំណេររបស់ លោក ខៀវ កាញារីទ្ធមកបង្ហាញ សូមរំលឹកថា ប្រទេសថៃ ត្រូវបានជាប់ឈ្មោះជាប្រទេសដែលទទួលបានទេសចរណ៍អន្តរជាតិច្រើនបំផុត ហើយប្រទេសនេះ ក៏កំពុងកើបលុយគ្រាក់ៗ ពីវិស័យទេសចរណ៍នេះមួយ ក្នុងចំណោមវិស័យធំៗរបស់ប្រទេសផ្សេងទៀត ។ យ៉ាងណាមិញ ទាំងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ អាជីវករ ព្រមទាំងសារព័ត៌មានក្នុងស្រុករបស់គេផងដែរ ក៏ខិតខំផលិត និងផ្សព្វផ្សាយជាហូរហែរ ពីភាពស្រស់ឆើតឆាយ តំបន់ទេសចរណ៍ និងវិស័យទេសចរណ៍ ដ៏ទាក់ទាញពីក្រសែរភ្នែកទេសចរណ៍ គ្រប់បណ្តាប្រទេសជុំវិញពិភពលោក ។
ចូលមកសាររបស់លោក លោក ខៀវ កាញារីទ្ធ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកទាំងព្រឹកព្រលឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានសរសេរថា “សារព័ត៌មាន និងសារព័ត៌មាន ! ឃើញមិត្តជាច្រើន បានផ្ញើរូបមកឲ្យខ្ញុំតាំងពីក្រុងបាងកក ប្រទេសថៃ ពីរឿងបាញ់ប្រហារនៅក្នុងផ្សារទំនើបថៃ ក៏ចាំមើលកាសែត បាងកកប៉ុស្តិ៍ ព្រឹកនេះ ក្រែងមានរូបនិងអត្តបទពិស្តារថែម ។ តែស្ងាត់ឈឹង តែរូបមួយសន្លឹកធ្វើថ្នាំក៏មិនមានផង” ។
លោកបានបញ្ជាក់ថា “គេគ្រាន់តែចុះដំណឹងខ្លីមួយនៅទំព័រក្នុង ពីការចាប់យុវជននេះតែប៉ុណ្ណោះ ។ សេរីភាពសារព័ត៌មាន វិជ្ជាជីវៈសារព័ត៌មាន និងទំនួលខុសត្រូវសង្គមរបស់អ្នកសារព័ត៌មាន គឺមើលតាមនេះឯង”។
ខ្លឹមសារខ្លីៗរបស់លោក ខៀវ កាញារីទ្ធ ច្បាស់ណាស់ចង់ធ្វើការប្រៀបធៀប ជូនចំពោះអ្នកសារព័ត៌មាន គួរសិក្សាស្វែងយល់ឲ្យច្បាស់ពីប្រភពបញ្ហា និងភាពប៉ះពាល់ពីការផ្សាយដំណឹងនីមួយៗ ថាតើមានកម្រិតប៉ះពាល់ដល់សង្គម ត្រឹមកម្រិតណា។
តួយ៉ាងប្រភពពីអ្នកសារព័ត៌មានខ្មែរ ដែលមានការតាមដានយកចិត្តទុកដាក់ លើព្រឹត្តិការណ៍ក្នុងប្រទេសថៃ១រូប បានឲ្យដឹងថា “ករណីជនល្មើសវ័យត្រឹម ១៤ឆ្នាំ បានបាញ់ប្រហានៅក្នុងផ្សារទំនើប Siam Paragon ជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម យ៉ាងមមាញឹកនៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ខាងប៉ូលីសថៃ ក៏បានប្រកាសហាមចែកចាយរូបភាព ឃ្លីប ព័ត៌មានផ្ទាល់ខ្លួន ពីឧប្បត្តិហេតុបាញ់ប្រហារនេះផងដែរ”។
អ្នកសារព័ត៌មានរូបនេះបញ្ជាក់ថា “ទាក់ទងនឹងការសួរចម្លើយជនល្មើសវ័យ១៤ឆ្នាំ មានឪពុកជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងបាងកក មានរោគវិកលចរិត កំពុងព្យាបាលមិនបានលេបថ្នាំឲ្យបានជាប់លាប់” ។
សូមបញ្ជាក់ថា យោងតាមសារព័ត៍មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ទូរទស្សន៍មួយរាយការណ៍ថា ជនរងគ្រោះម្នាក់ជាស្ត្រី ដែលត្រូវគេបាញ់ស្លាប់ នៅកន្លែង ចតរថយន្តភ្លាមៗ បន្ទាប់ពីនាងចុះពីរថយន្ត ដើម្បីចូលទៅក្នុងផ្សារទំនើប Siam Paragon ។ ខ្មាន់ កាំភ្លើងដែលគេមិនស្គាល់អត្តសញ្ញាណភ្លាមៗនោះ បានចុះចាញ់បន្ទាប់ពីគេរាយការណ៍ថា បានរត់ ចោលគ្រាប់កាំភ្លើង ហើយត្រូវបានចាប់ខ្លួន នៅក្នុងហាងមួយនៅជាន់ទីបី។ ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថា បានព្យាយាមរត់គេចតាមច្រកចេញពីផ្សារទំនើប ដែលភ្ជាប់ទៅនឹងសណ្ឋាគារ Siam Kempinski Hotel Bangkok។ ទោះយ៉ាងណាក៏ដោយ សណ្ឋាគារបានបិទច្រកចូលរបស់ខ្លួន នៅជាន់ទី៣៕