ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា បច្ចុប្បន្នកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ា នៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ ឥតឈប់ឈរ ។

ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៤ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានគាំទ្រ ដល់កម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន ជាអាទិ៍ ៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌ និងការពារជាតិ ជាដើម ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងផងដែរថា «ប្រទេសទាំងពីរនឹងពង្រីក វិសាលភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ជាពិសេសលើការវិនិយោគ, សន្តិសុខអ៉ីនធឺណិត និងវិស័យដទៃទៀត ដែលជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរ ស្របពេលដែលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ានៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ ឥតឈប់ឈរ » ។

ជាការឆ្លើយតប តាងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌា លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ក៏បានចូលរួមអបអរសាទរក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ។

ទន្ទឹមគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានលើកឡើង អំពីទំនាក់ទំនង ជាលក្ខណៈប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងប្រជាសាស្ត្រហើយបច្ចុប្បន្ន ក៏កំពុងមានការរីកចម្រើនលូតលាស់ លើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែង នៅក្នុងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរ កំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគី ក្នុងពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគត ក៏នឹងមានការចរចា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីបន្ថែមទៀត ៕
