ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌា គ្រោងដាក់ឱ្យដំណើរការ ជើងហោះហើរត្រង់ នាចុងខែនេះ ដើម្បីជំរុញវិស័យ ទេសចរណ៍ និងពាណិជ្ជកម្ម

ភ្នំពេញ ៖ កម្ពុជា-ឥណ្ឌា គ្រោងនឹងដាក់ឱ្យដំណើរការ ជើងហោះហើរត្រង់ នាចុងខែតុលា ឆ្នាំ២០២៣ ដើម្បីជួយជំរុញឱ្យសក្តានុពល នៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង ។

នេះបើតាមលទ្ធផលជំនួប រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ។

ក្នុងលទ្ធផលជំនួបបញ្ជាក់ថា «នៅក្នុងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរគ្រោង នឹងដាក់ឱ្យដំណើរការ នូវជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌា នាចុង ខែតុលា ឆ្នាំ២០២៣ ខាងមុខ ដែលការណ៍នេះនឹងជំរុញឱ្យសក្តានុពល នៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធ ផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង» ។

ក្នុងឱកាសនោះដែរ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌា ជាថ្មីម្តងទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និទ្ធស្នាល និងឋិតថេរ ៕

To Top