ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូកនៅចុងខែនេះដើម្បីបង្កបរិយាកាស សប្បាយរីករាយជូនពលរដ្ឋ

ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សានិងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿង ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី៤ ខែតុលានេះបានបញ្ជាក់ថា ពិធីបុណ្យអុំទូកនេះមានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និង នៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។

រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តបាត់ដំបង ចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធី បុណ្យចេញព្រះវស្សាឱ្យមានភាពឱឡារិកអធិកអធមច្រើនកុះករ៕

To Top