ព័ត៌មានជាតិ

អង់គ្លេស ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ដល់កម្ពុជា ដើម្បីគាំទ្រ កំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ រដ្ឋាភិបាល នៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់ នូវប្រព័ន្ធអនុគ្រោះពន្ធថ្មីDCTSជំនួស GSPដល់កម្ពុជា ដើម្បីគាំទ្រកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព។

តាមរយៈសេចក្ដីជូនដំណឹង របស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣ តុលា បានគូសបញ្ជាក់ថា «រដ្ឋាភិបាល នៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់ នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួច ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ»។

ក្រសួងពាណិជ្ជកម្ម បន្ដថា បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្តល់ភាពងាយស្រួល បន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្ម វិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុង នោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់ ។

ក្រសួងពាណិជ្ជកម្ម បន្ថែមថា ដើម្បីទទួលបានការអនុគ្រោះពន្ធ ពីចក្រភពអង់គ្លេស ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាម វិធានដើមកំណើតទំនិញ របស់ចក្រភពអង់គ្លេស ៕

To Top