ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ប្រកាសចាក់ថ្នាំ បង្ការជំងឺមហារីកស្បូន ដល់កុមារីអាយុ៩ឆ្នាំ

រូបភាព ទទក

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសដាក់បញ្ចូលថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូន ទៅក្នុងកម្មវិធីជាតិ ផ្ដល់ថ្នាំបង្ការ ចាក់ដោយឥតគិតថ្លៃ ដើម្បីសង្គ្រោះជីវិតពីសេចក្តីស្លាប់ ដែលបណ្តាលមកពីជំងឺមហារីក មាត់ស្បូននៅកម្ពុជា ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។

ការប្រកាសដាក់បញ្ចូល ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្តល់តែចំនួនមួយដូស ដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ ទៅក្នុងកម្មវិធីជាតិ ផ្ដល់ថ្នាំបង្ការ ដើម្បីការពារជំងឺមហារីកមាត់ស្បូន ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា នៅសាលាបឋមសិក្សាភ្នំពេញថ្មី ។

សាស្រ្តាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈ ដែលត្រូវយកចិត្តទុក ដាក់នៅកម្ពុជា ដូច្នេះទាំងអស់គ្នា ត្រូវពន្លឿន កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់ជំងឺ ដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូន ក្នុងកម្មវិធីជាតិ ផ្តល់ថ្នាំបង្ការនៅកម្ពុជា ។

រដ្ឋមន្ត្រីបន្តថា «យើងនឹងធានាថា កុមារីអាយុ ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូស ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ ហើយកម្ពុជាក៏មានគម្រោង នឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីដែលមានអាយុលើសពី៩ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការ ក្នុងឆ្នាំ២០២៥ផងដែរ» ។

សាស្ត្រាចារ្យក៏បានអំពាវនាវ ដល់អាណាព្យាបាល នាំកូនគ្រប់អាយុចាក់វ៉ាក់សាំង មហារីកមាត់ស្បូន មកទទួលការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាព ដែលនៅជិតនៅផ្ទះ។
ជាមួយគ្នានោះ សាស្រ្តាចារ្យក៏បានលើកទឹកចិត្តដល់មន្ត្រី បុគ្គលិក សុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ឲ្យចូលរួមគ្នា ដើម្បីការពារសុខភាពកុមារីទាំងអស់នៅកម្ពុជា។

ចំណែក លោកវេជ្ជបណ្ឌិត Pascal Ringwald តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ថ្លែងដែរថា ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺជាយុទ្ធសាស្ត្រការពារដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ដើម្បីឆ្ពោះទៅរកការលុបបំបាត់ ជំងឺមហារីកមាត់ស្បូន ទាំងស្រុងនៅពេលអនាគត។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននេះ គឺមានសុវត្ថិភាព និងជាវិធានការបង្ការមួយដ៏មានប្រសិទ្ធភាពបំផុត ដែលអាចការពារជំងឺមហារីក មាត់ស្បូន។ ការសម្រេចបាននូវការគ្របដណ្តប់ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូស ខ្ពស់លើសពី៨០% នឹងផ្តល់អត្ថប្រយោជន៍ កាន់តែច្រើនដល់ប្រជាជន គ្រួសារ និងសហគមន៍នៅក្នុងទសវត្សរ៍ខាងមុខ ។

សម្រាប់លោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃសមធម៌អំពីការដាក់បញ្ចូលថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូន ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការថា ត្រូវធានាគ្រប់កុមារីមានសិទ្ធិទទួលបានថ្នាំបង្ការ ត្រូវទទួលបានថ្នាំបង្ការគ្រប់ៗគ្នា ជាពិសេសកុមារី រស់នៅក្នុងសហគមន៍ ដែលមានហានិភ័យខ្ពស់ ជនក្រីក្រក្នុងទីក្រុង សហគមន៍ដាច់ស្រយាល និងជនបទ ព្រមទាំងកុមារីដែលជាជាតិ ភាគតិច និងជនចំណាកស្រុក ។ ការទទួលបាន ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានសារៈសំខាន់ សម្រាប់ការលើកកម្ពស់សមធម៌សុខភាព និងការពារសុខុមាលភាព របស់កុមារគ្រប់រូបនៅកម្ពុជា ៕

To Top