ព័ត៌មានជាតិ

សម្តេចធិបតី ស្នើរដ្ឋមន្ត្រីការពារជាតិ ពិនិត្យករណីបណ្តុះបណ្តាល នាយទាហាន ច្រើនជាងពលទាហាន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ពិនិត្យមើលករណីការបណ្តុះបណ្តាល នាយទាហាន ច្រើនជាងពលទាហាន ដែលជាករណីមិនចាំបាច់ ហើយត្រូវកាត់បន្ថយ កុំឲ្យចំណាយថវិកា ចោលគ្មានប្រយោជន៍ ។

ក្នុងពិធីអបអរសាទទិវាគ្រូបង្រៀនថ្ងៃទី៥ តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សម្តេចបានប្រាប់ទៅឧបនាយករដ្ឋមន្រ្តី ទៀ សីហា អំពីមាននាយទាហានច្រើនជាងពលទាហានដោយសារតែកន្លងមកកម្ពុជា មានសង្គ្រាមធ្វើឲ្យមានការកើនឡើង ហើយក៏មានអ្នកចូលនិវត្តន៍។

សម្តេចធិបតីថា «ផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ គឺបណ្តុះបណ្តាលនាយទាហានទាំងអស់ ដោយគ្មានផែនការបណ្តុះបណ្តាល ពលទាហាននោះទេ។ អីចឹងចង់៣០ឆ្នាំទៀត ក៏គ្មានការបណ្តុះបណ្តាលពលទាហាននោះទេ ដូច្នេះត្រូវគិតឡើងវិញ»។

ជាមួយគ្នានោះដែរ សម្តេចធិបតីក៏បានលើកឡើងថា មានអ្នកខ្លះនិយាយថា ការបណ្តុះបណ្តាលនេះ ដោយសារមានប្រទេស ជាមិត្តផ្តល់អាហាររូបករណ៍ មកដោយកន្លែងខ្លះមាន៩០ទៅ១០០នាក់ ដោយខ្លាចបាត់ ទើបបានបញ្ជូនទៅបណ្តុះបណ្តាល ប៉ុន្តែចំណុចនេះ សម្តេចគូសបញ្ជាក់ទៅវិញថា “គឺអត់មានទេ ហើយត្រូវគិតថា បើសិននាយទាហានច្រើនជាងពលទាហាន ហើយយើងត្រូវអាកាត់ថា ប៉ុន្មានឆ្នាំនេះត្រូវកាត់ចំនួននាយទាហានចំនួនប៉ុណ្ណេះចោល ដោយយកថវិកាទៅជ្រើសរើសពលទាហានវិញល្អជាង” ។

សម្តេចធិបតីបានលើកឡើងថា ការកាត់ចំនួនជ្រើសរើសនាយទាហាននេះ ធ្វើទៅតាមស្ថានភាពជាក់ស្តែង ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវគិតចំនួននាយទាហានមានចំនួន ច្រើននេះឡើងវិញ ។ សម្តេចនាយករដ្ឋមន្ត្រីថា បើភាគីប្រទេសជាមិត្ត ផ្តល់ជំនួយបណ្តុះបណ្តាលនាយទាហាន កម្ពុជាក៏មានសិទ្ធិស្នើសុំឲ្យគេជួយបណ្តុះ បណ្តាលពលទាហានវិញ ព្រោះជាជំនួយដូចគ្នា។

ឱកាសនោះដែរ សម្តេចធិបតី បានស្នើឲ្យរដ្ឋមន្ត្រី ទាំងអស់ គិតគូរពីក្របខណ្ឌអាទិភាពរបស់ខ្លួន ហើយចាំយកជំនួយ ដាក់ឲ្យចំជៀសជាងគេជួយ អ្វីយកតែរបស់ហ្នឹង ដែលធ្វើឲ្យគ្មានការសហការគ្នា ៕

To Top