ព័ត៌មានជាតិ

អាមេរិក ស្នើកម្ពុជា យកចិត្តទុកដាក់លេីការងារសម្អាតប្រាក់

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក W.PATRICK MURPHY បានស្នើកម្ពុជា យកចិត្តទុកដាក់ ថែរក្សាការងារសម្អាតប្រាក់ ឲ្យកាន់តែប្រសើរថែមទៀត បន្ទាប់ពីកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យលាងលុយកខ្វក់។

អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល ៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩មក។

ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក W.PATRICK MURPHY បានលើកឡើងពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ទើបបង្កើតថ្មី ប៉ុន្តែសម្រេចបានសមិទ្ធផលរួមសហការគ្នាក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀនបានជាច្រើនករណីធំៗ ការងារនេះ មិនត្រឹមតែជួយកម្ពុជាឲ្យគេចផុតពីបទល្មើសដោយសារតែការចរាចរជួញដូរចែកចាយគ្រឿងញៀន និងក៏ជាការជួយដល់អាមេរិក ក្នុងការទប់ស្កាត់ការនាំចូលគ្រឿងញៀន ទៅកាន់ទីផ្សារអាមេរិកផងដែរ។

ពាក់ព័ន្ធនឹងការងារសម្អាតប្រាក់វិញ លោកទូត បានបញ្ជាក់ថា «សូមសម្តែងនូវការអបអរសាទរដែលប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ និងបានស្នើឲ្យកម្ពុជាយកចិត្តទុកដាក់ ក្នុងការថែរក្សាការងារសម្អាតប្រាក់នេះ ឲ្យកាន់តែប្រសើរថែមទៀត»។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ លោក W.PATRICK MURPHY និងបានឯកភាពគាំទ្រទាំងស្រុង ចំពោះការលើកឡើងរបស់ លោកទូត៕

To Top