ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប សម្រេចផ្អាកចរាចររថយន្តដឹកទំនិញ ធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវ លេខ២៦៦ ក្នុងភូមិសាស្រ្តស្រុកជីក្រែង ដោយសារទឹកកំពុងជន់លិច លើផ្លូវខេត្ត២៦៦(កំពង់ក្តី-ខ្វាវ)ដែលបង្ក ឲ្យមានការព្រួយបារម្ភ ទោះបីជាស្រុកមួយចំនួន របស់ខេត្តបានស្រកចុះក៏ដោយ ។

បើតាមការចុះផ្សាយ ពីរដ្ឋបាលខេត្តសៀមរាប នាថ្ងៃ៤ តុលា ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកជីក្រែង បានធ្វើឲ្យលិចសាលាចំនួន១៧ កន្លែង មណ្ឌលសុខាភាព ចំនួន១ កន្លែង លិចបរិវេណវត្តចំនួន៩ ន្លែង លំនៅដ្ឋានស្រាល ចំនួន២៩៧៦ខ្នង លំនៅដ្ឋានធ្ងន់ចំនួន៣ខ្នង ប៉ះពាល់ដំណាំស្រូវ ទំហំ៧៩២៥ហិតា ។

ដោយឡែក ទូទាំងខេត្តសៀមរាប ស្ថានភាពជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃ២-៣ តុលា បណ្ដាលឲ្យមានផលប៉ះពាល់ ដល់ប្រជាជនសរុប ៥ ៤៥០គ្រួសារ ភូមិចំនួន ១១៣ភូមិ នៃឃុំចំនួន៧ រួមមាន ៖ ស្រុកជីក្រែង ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកវ៉ារិន ស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងក្រុងសៀមរាប ៕

