ព័ត៌មានជាតិ

ជំហានដំបូង! ភ្ញៀវទេសចរ កូរ៉េជាង៤០០នាក់ បានមកដល់ខេត្តសៀមរាប

រូបភាពពី៖​ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ភ្ញៀវទេសចរកូរ៉េ ចំនួន៤០៣នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងយន្តហោះចំនួន២ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមក្រសួងទេសចរណ៍។

តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរកូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាប នាពេលនេះ មិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។

បើតាមគម្រោង សម្រាប់ជំហានដំបូងនេះ ទេសចរជនជាតិកូរ៉េ អាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំ នៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។ ក្រុមហ៊ុនដដែលបានបន្ថែមថា ក្រុមទេសចរណ៍នេះ មានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេបានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណ​របស់កម្ពុជា​ជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ។ ពួកគេនឹងមកទស្សនា និងស្នាក់នៅ​ក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។

ចំពោះការបដិសណ្ឋារកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត បានសហការគ្នា​យ៉ាងល្អតាមរយៈការស្វាគមន៍ ​តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកក់ក្ដៅ។

To Top