ព័ត៌មានជាតិ

រដ្ឋមន្ដ្រីព័ត៌មាន​ អំពាវនាវអ្នកប្រេីបណ្ដាញសង្គម​ កុំបន្ដចែករំលែករូបភាពហិង្សា​ និងឃាតកម្ម​

ភ្នំពេញ​ ៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន​ បានអំពាវនាវអ្នកប្រេីបណ្ដាញសង្គម​ កុំបន្ដចែករំលែករូបភាពហិង្សា​ និងឃាតកម្ម​(ករណីស្លាប់ម្តាយនិងកូនស្រីយ៉ាងអាណោចអធម) ព្រោះបានប៉ះពាល់ផ្លូវចិត្តក្រុមគ្រួសារជនរងគ្រោះ​ និងប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋផ្សេងៗទៀត។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ បន្ទាប់ពីមានករណីភ្ញាក់ផ្អើលមួយកើតឡើងនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកាលពីព្រឹកថ្ងៃ៦ តុលា ដោយស្រ្តីជាម្តាយមានវ័យប្រមាណជា៣០ឆ្នាំនិងកូនស្រីវ័យទើបតែ២ឆ្នាំបានស្លាប់ដោយដាច់ក្បាលចេញពីគ្នាទាំង២នាក់ នៅក្នុងបន្ទប់ដេក នៅផ្ទះរបស់ពួក។ ករណីត្រូវបានអ្នកស្រុកជិតខាងដាក់ការសង្ស័យថា ដោយសារប្តីសម្លាប់ព្រោះខឹងប្រពន្ធដាក់ពាក្យលែងលះនៅសាលាឃុំ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់​ លោក​ នេត្រ​ ភក្ត្រា​ នាថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៣​ បានសរសេរថា​ នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថា​ មានការចែករំលែក​ និងផ្សព្វផ្សាយរូបភាពហិង្សានិងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត។

រដ្ឋមន្ដ្រី​គូសបញ្ជាក់ថា​ “សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែល កំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ”។

លោក​រដ្ឋមន្ដ្រី​បន្ដថា​ ចំពោះអ្នកសារព័ត៌មាន ក៏ត្រូវគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ​ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ អ្នកសារព័ត៌មាន​ អាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឲ្យរូបបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។

លោកថា ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង៕

To Top