ភ្នំពេញ៖ មូលនិធិត្រីចក្រយាន(ស៊ីក្លូ)កម្ពុជា នៅតែបន្តយកចិត្តទុកដាក់ ដល់បងប្អូនដែលជាសមាជិក នៅក្នុងរាជធានីភ្នំពេញ ដោយបាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយស មូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ជូនពួកគាត់ជាបន្តបន្ទាប់ ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់ ពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ លេខាធិការដ្ឋាន មូលនិធិត្រីចក្រយានកម្ពុជា ដោយមានការចាត់តាំងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិត្រីចក្រយានកម្ពុជា បាននាំយកនូវថវិកានិងគ្រឿងឧបភោគ បរិភោគ របស់សម្តេចតេជោ ហ៊ុន សែន ជូនបងប្អូន ដែលជាសមាជិកមូលនិធិស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន២៩៩នាក់បន្តទៀត នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីពួកគាត់ប្រើប្រាស់ ទៅវត្តធ្វើបុណ្យទាន និងជួបជុំគ្រួសារ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋាន មូលនិធិត្រីចក្រយានកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកឲ្យលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញជានិច្ច ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ តុលានេះ បងប្អូនដែលជាសមាជិក មូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញ បានទទួលថវិកា ៥ម៉ឺន មី ១កេស ទឹកសុទ្ធ១កេស ត្រីខ១យូរ ពីសម្តេចតេជោ ហ៊ុន សែន បន្ថែមពីលើការឧបត្ថម្ភ ប្រចាំខែរបស់ពួកគាត់ទៀត ដើម្បីឲ្យពួកគាត់បានប្រើប្រាស់ បានទៅវត្តធ្វើបុណ្យទាន និងជួបជុំគ្រួសារ ។
លោក ម៉េត មាសភក្តី បន្តថា សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺឲ្យតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែ ចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែ ពួកគាត់អាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណប. ស. ស ដើម្បីឲ្យបងប្អូន អាចទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ នៅតាមមន្ទីរពេទ្យរដ្ឋនានា ។
គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤ ទៅ៥ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើត តាំងពីសម័យអនានិគម និយមបារាំងមកម្ល៉េះ៕