ព័ត៌មានជាតិ

ករណីប៉ះទង្គិចនៅអុីស្រាអែល! សុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា គឺជាអាទិភាពចម្បងបំផុត របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងករណីប៉ះទង្គិចគ្នា រវាងកងទ័ពអុីស្រាអែល និងក្រុមហាម៉ាស សុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា គឺជាអាទិភាពចម្បងបំផុត របស់រាជរដ្ឋាភិបាល។

តាមរយៈ ការផ្តល់បច្ចុប្បន្នភាពបន្ថែម អំពីការវិវត្តសភាព ការណ៍ពាក់ព័ន្ធនឹងនិស្សិតនិងពលរដ្ឋកម្ពុជា នៅប្រទេសអុីស្រាអែល របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖

១.នៅប្រទេសអ៊ីស្រាអែល មានពលរដ្ឋកម្ពុជា ដែលភាគច្រើនជានិស្សិត កំពុងស្នាក់នៅនឹងសិក្សាចំនួនប្រមាណ៤៥០រូប។ ក្រសួងការបរទេសសូមសម្ដែងនូវការសោកស្តាយ ជាពន់ពេក ចំពោះសេចក្តីរាយការណ៍ អំពីការបាត់បង់ជីវិតនិស្សិតកម្ពុជា ចំនួន០១រូប នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ បំផុតជាមួយគ្រួសារសពជនរងគ្រោះ។

២. តាមរយៈកិច្ចអន្តរាគមន៍ ដោយផ្ទាល់និងយកចិត្តទុកដាក់ បំផុតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និស្សិតកម្ពុជាចំនួន៣រូបត្រូវបាន រំដោះចេញពីតំបន់ប្រយុទ្ធគ្នា និងបានមកដល់ទីតាំងមានសុវត្ថិភាព នៅទីក្រុងតែលអាវីវៈ រួច ហើយ។ សុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា គឺជាអាទិភាពចម្បងបំផុត របស់រាជរដ្ឋាភិបាល។

៣. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសតួកគី និង ប្រចាំប្រទេសអេហ្ស៊ីប បាននិងកំពុងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយ និស្សិតនិងពលរដ្ឋកម្ពុជានៅទីនោះ ព្រមទាំងបន្តទំនាក់ទំនង ដោយផ្ទាល់នឹងជិតស្និទ្ធជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការផ្ដល់កិច្ចការពារសុវត្ថិភាពជូននិស្សិត និងពលរដ្ឋកម្ពុជាទាំងអស់។

៤. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបន្តអំពាវនាវនិស្សិតនិងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរពនិងអនុវត្តដាច់ខាតតាមការណែនាំរបស់ អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

៥. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម៕

To Top