កំពង់ចាម ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្តេជ្ញា ជំរុញឲ្យគណៈកម្មការ និងអនុគណៈកម្មការពន្លឿន ដោះស្រាយផលប៉ះពាល់ ឱ្យបានឆាប់រហ័ស ដើម្បីឲ្យក្រុមហ៊ុន ដំណើរការសាងសង់ ពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ។
លោករ លឹម ស៊ីដេនីន បានលើកឡើងដូច្នេះ នៅថ្ងៃទី ៩ ខែតុលាឆ្នាំ ២០២៣ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ខណ:ពេល រូបលោក និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារដោះស្រាយផលប៉ះពាល់ គម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ។
លោករដ្ឋលេខាធិការ បានថ្លែងថា មកដល់បច្ចុប្បន្ននេះ គណៈកម្មការ និងអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំរួមគ្នាធ្វើការដោះស្រាយ ដើម្បីឲ្យក្រុមហ៊ុន ចាប់ផ្តើមដំណើរការសាងសង់បាន ក្នុងការងារសាងសង់ ពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំពិភាក្សានេះ សូមឲ្យគណៈកម្មការ និង អនុគណៈកម្មការដោះស្រាយផលប៉ះពាល់ និងភាគីពាក់ព័ន្ធទាំងអស់ សហការគ្នា ធ្វើការដោះស្រាយផលប៉ះពាល់ ដើម្បីឲ្យក្រុមហ៊ុន ចាប់ផ្ដើមដំណើរការសាងសង់ផ្លូវ ទៅតាមពេលវេលាដែលបានកំណត់ ។
បើតាមតំណាងក្រុមហ៊ុន CRBC បានឱ្យដឹងថា គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើម ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ ។
គម្រោងនេះ គឺលើកគុណភាពផ្លូវ ពីផ្លូវជាតិកម្រិតលេខ២ មកជាកម្រិតផ្លូវជាតិលេខ១ ដែលរចនាល្បឿនកំណត់ ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយពង្រីកផ្លូវ ទៅជាបួនកន្លង ទៅ-មក ចំណុចគីឡូម៉ែត្រ ០ ដល់គីឡូម៉ែត្រ ១ ក្នុងទីប្រជុំជនស្គន់ និងចំណុចគីឡូម៉ែត្រ ៤៣ បូក ៣០០ ដល់គីឡូម៉ែត្រ ៥០០ បូក ៥០០ ក្នុងក្រុងកំពង់ចាម ការរចនាទទឹងផ្លូវ មានប្រវែង ២០,៥ ម៉ែត្រ និងសម្រាប់ទីតាំងក្រៅពីនេះ គឺមានទទឹងផ្លូវប្រវែង ២៤.៥ ម៉ែត្រ ៕
By. Kizona