ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានសម្រេចតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូលកម្ពុជា និងបានផ្ទេរតែងតាំងមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រមចំនួន៤៧រូបផ្សេងទៀតនៅតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត។
ការសម្រេចនេះ បានធ្វើឡើងក្នុងសម័យប្រជុំលើកទី៣៧ នាព្រឹកថ្ងៃ៩ តុលា ក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រ កម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
យោងតាមសេក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានឲ្យដឹងថា ក្រៅពីបានប្រជុំដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន៧ អង្គប្រជុំបានសម្រេចយល់ព្រមតែងតាំង លោក ជីវ កេង ជាប្រធានតុលាការ និងការផ្ទេរ តែងតាំងមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រមចំនួន៤៧រូបផ្សេង ទៀតនៅតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត។
កាលពីថ្ងៃ១៤ សីហា លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឲ្យលោកជីវ កេង អនុ ប្រធានតុលាការកំពូល ជាប្រធានស្ដីទីតុលាការកំពូល រហូតមានការតែងតាំង ប្រធានតុលាការកំពូលជាផ្លូវការ ក្រោយពីលោក ឌិត មុន្ទី ប្រធានតុលាការកំពូល ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យចូលនិវត្តន៍ តាមការស្នើសុំរបស់សាមីខ្លួន ៕