កង់បេរ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទនេះថា ឪពុក និងកូនប្រុសម្នាក់ដែលជិះលើយន្តហោះធុនស្រាលបានស្លាប់នៅគ្រាដែលយន្តហោះបានធ្លាក់នៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ។
ប៉ូលិស បានបញ្ជាក់ឲ្យដឹងនៅថ្ងៃចន្ទនេះថា អ្នកបើកយន្តហោះអាយុ៥០ឆ្នាំម្នាក់បានស្លាប់មួយយប់ ក្រោយពីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Royal Adelaide ក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់យន្តហោះ ។
កូនប្រុសដែលជាអ្នកបើកយន្តហោះអាយុ២៤ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុកាលពីល្ងាចថ្ងៃអាទិត្យ ។
អ្នកទាំង២កំពុងធ្វើដំណើរក្នុងយន្តហោះធុនស្រាល Cessna នៅគ្រាដែលវាបានប៉ះនឹងខ្សែភ្លើង ហើយបានធ្លាក់ចូលទៅក្នុងវាលស្រែក្បែរទីក្រុងតូចមួយនៃ Crystal Brook ចម្ងាយប្រហែល២០០គីឡូម៉ែត្រស្ថិតនៅភាគខាងជើងនៃទីក្រុង Adelaide នៅម៉ោង៤និង០០នាទីរសៀល ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ។
ក្រុមអ្នកស៊ើបអង្កេតមកពីការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី ហៅកាត់ថា (ATSB) ដែលមានជំនាញក្នុងប្រតិបត្តិការយន្តហោះ ការថែទាំ និងវិស្វកម្ម បានចូលរួមកន្លែងកើតហេតុនៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា