ព័ត៌មានជាតិ

និស្សិត និងពលរដ្ឋខ្មែរ នៅអ៊ីស្រាអែល មានសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ជាប្រចាំពី សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា រហូតមកទល់ពេលនេះ និស្សិត និងពលរដ្ឋខ្មែរ នៅប្រទេសអ៊ីស្រាអែលមានសុវត្ថិភាពទាំងអស់គ្នាក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។

តាមរយៈសារតេឡេក្រាម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោក ប៉ែន បូណា បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានតាមដានជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនខ្មែរនៅទីនោះមិនថាពេលយប់ ឬពេលថ្ងៃឡើយ។ សម្តេចធិបតី បានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសលើសុវត្ថិភាពដោយសម្តេចបានណែនាំឱ្យសេនាធិការទាំងអស់ប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលធ្វើយ៉ាងណាឲ្យពលរដ្ឋខ្មែរទាំងអស់បានចៀសចេញពីតំបន់គ្រោះថ្នាក់ហើយស្ថិតនៅក្នុងតំបន់សុវត្ថិភាពដោយចាត់ទុកថា នេះជាកិច្ចការអាទិភាពខ្ពស់បំផុត។

លោក ប៉ែន បូណា បន្ដថា លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏យកចិត្តទុកដាក់លើជីភាពប្រចាំថ្ងៃរបស់ពួកគេផងដែរដើម្បីប្រាកដថា ទាំងអស់គ្នាមានចំណីអាហារ និងទឹព្រមទាំងសម្ភារៈចាំបាច់មួយចំនួនទៀតដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ជូនថា មានពលរដ្ឋខ្មែរ និងនិស្សិតដែលកំពុងធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល សរុបប្រមាណជា ៤៥០នាក់ ក្នុងនោះមាននិស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយទទួលរងគ្រោះពីការប្រយុទ្ធគ្នាដោយអាវុធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ពិធីរៀបចំបុណ្យសពគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។ ក្រៅពីនោះ អ្នកផ្សេងទៀតសុទ្ធតែមានសុវត្ថិភាពទាំងអស់។ រាជរដ្ឋាភិបាល បានអំពាវនាវដោយទទូចសូមឱ្យពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសអ៊ីស្រាអែលគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរម្ចាស់ប្រទេសដើម្បីធានាសុវត្ថិភាព និងសូមឱ្យពួកគេមានលំនឹងក្នុងចិត្តចំពោះការយកចិត្តទុកដាក់ជាប្រចាំពីរាជរដ្ឋាភិបាលកម្ពុជា ដោយសហការយ៉ាងល្អជាមួយរដ្ឋាភិបាលអ៊ីស្រាអែល៕

To Top